កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅការិយាល័យអង្គការសុខភាពអន្តរជាតិដែលមានអ្នកចូលរួមប្រមាណ ២៥នាក់ (ស្រី ៦នាក់)។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវអ្នកចូលរួមដែលមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន ក្រុមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតំណាងជនជាតិដើមភាគតិចដែលមកពីខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួន ៣ គឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ចាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចូលរួមពីចង្កោមអង្គការសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធដើម្បីកសាងបណ្តាញ រៀនសូត្រពីគ្នា គូសផែនទីយុទ្ធសាស្ត្រសំខាន់ៗ និងបោះជំហានលើសកម្មភាពបន្ថែមទៀតលើការតស៊ូមតិស្តីពីការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំលើកនេះ យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជាដែលជាប្រធានបទដ៏មានសារៈសំខាន់ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ដៃគូរពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងដូចជា៖
- បង្កើតបរិយាកាសសម្រាប់បណ្តាញដើម្បីរៀនសូត្រ និងចែករំលែក
- បង្ហាញបច្ចុប្បន្នភាពការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច
- លើកទឹកចិត្តចង្កោមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមសហការជាមួយគ្នា។
តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃបានចែករំលែកព័ត៌មានថ្មីៗស្តីពី ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិដើមភាគតិចចំនួន ១៥២ បានចុះបញ្ជីជានីតិបុគ្គលជាមួយក្រសួងមហាផ្ទៃ ខណៈដែលសហគមន៍ចំនួន ៩៤ បានស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពជនជាតិដើមភាគតិចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឡែក សហគមន៍ប្រមាណ ២៦ បានផ្អាកក្នុងការចុះបញ្ជីដីសមូហភាពដោយសារបញ្ហាប្រឈម និងឧបសគ្គផ្សេងៗ។ ជនជាតិដើមភាគតិចមួយចំនួនប្រហែលជាចង់បានកម្មសិទ្ធិដីឯកជនដែលអាចលក់ ឬប្រើប្រាស់ដើម្បីទទួលកម្ចីពីមីក្រូហិរញ្ញវត្ថុបាន។ ក្នុងករណីខ្លះទៀត ដីដែលបានស្នើសុំត្រួតស៊ីគ្នាជាមួយតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើឆ្នាំ២០០២ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បច្ចុប្បន្ន សហគមន៍ជនជាតិដើមភាគតិចចំនួន ៣៨ ក្នុងខេត្តចំនួនបួនបានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចដែលស្មើនឹងផ្ទៃដីសរុបប្រមាណ ៣៩.៣៤២ហិកតា ដែលស្ថិតនៅខេត្តស្ទឹងត្រែងចំនួន ២ សហគមន៍ ខេត្តក្រចេះចំនួន ៤ សហគមន៍ ខេត្តមណ្ឌលគិរីចំនួន ៧ សហគមន៍ និងខេត្តរតនគិរីចំនួន ២៥ សហគមន៍។ សហគមន៍ចំនួនពីរទៀតត្រូវបានគេរំពឹងថានឹងទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅខែមករាឆ្នាំ២០២៣ នេះ។
កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចផងដែរ។ អ្នកចូលរួមទាំងអស់មានឱកាសសួរនាំក្រសួង និងសុំយោបល់ដើម្បីដោះស្រាយបញ្ហាដីសហគមន៍របស់ខ្លួន។ ដំណើរការនៃការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចមានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ប័ណ្ណកម្មសិទ្ធិជួនកាលមិនអាចចេញបានទេ ហើយត្រូវផ្អាកដោយសារបញ្ហាប្រឈមជាច្រើន។ សហគមន៍តែងតែជួបការលំបាកក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពបើសិនជាគ្មានការគាំទ្រពីអង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាននោះទេ ព្រោះកម្រិតនៃចំណេះដឹងរបស់ពួកគាត់អំពីភាសាខ្មែរ ច្បាប់ និងនីតិវិធីនៃការចុះបញ្ជីនៅមានកម្រិតនៅឡើយ។
ក្នុងករណីខ្លះ ជនជាតិដើមភាគតិចមិនបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចនោះទេ។ សមាជិកសហគមន៍មួយចំនួនអាចមើលឃើញអត្ថប្រយោជន៍ផ្ទាល់ខ្លួនហើយចង់ដកខ្លួនចេញពីប័ណ្ណកម្មសិទ្ធដីសមូហភាព។ វាមានន័យថាពួកគេចង់បានប័ណ្ណកម្មសិទ្ធិដីឯកជនរបស់ខ្លួន។ ពេលខ្លះអាជ្ញាធរមូលដ្ឋានមិនមានការជំរុញ និងសហការជាមួយសហគមន៍ជនជាតិដើមភាគតិចទាក់ទងនឹងនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិដី ទោះបីជាក្រសួងកំពុងព្យាយាមពន្លឿនការចុះបញ្ជីដីសមូហភាពក៏ដោយ។ ក្នុងករណីជាច្រើន សហគមន៍បដិសេធមិនទទួលយកដីដែលរដ្ឋាភិបាលមានឆន្ទៈផ្តល់ឱ្យនោះឡើយ។
បន្ទាប់ពីកិច្ចពិភាក្សាដែលមានការចូលរួម សហគមន៍ជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តឱ្យចងក្រងឯកសារអំពីបញ្ហាទាក់ទងនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចហើយរាយការណ៍ជូនក្រុមការងារចំពោះកិច្ច។
អង្គការអូឌីស៊ីនឹងបន្តធ្វើជាអ្នករៀបចំកិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលប្រចាំត្រីមាសជាមួយសមាជិក និងចង្កោមអង្គការសង្គមស៊ីវិល ដើម្បីចែករំលែកមេរៀន ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។