ឈ​ន​ កក្កដា​៖​ បទ​ពិសោធន៍​ និង​ចំណាប់អារម្មណ៍​នៃ​ការ​ហាត់​ការ​នៅ​អូ​ឌី​ស៊ី​

ខ្ញុំ​ចាប់ផ្ដើម​ចូល​ធ្វើ​ការងារ​ជា​អ្នក​ហាត់​ការ​នៅ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៦​ ក្នុង​នាម​ជា​អ្នក​ហាត់​ការ​ផ្នែក​បណ្ណាធិការ​-​ស្រាវជ្រាវ​។​ ខ្ញុំ​ពិតជា​រីករាយ​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​ឱកាស​មួយ​នេះ​។​ ខ្ញុំ​ជា​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ដោយ​ទទួល​បាន​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ និង​រដ្ឋបាល​សាធារណៈ​ ពី​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ និង​គោលនយោបាយ​សាធារណៈ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដោយ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កិច្ចការ​សង្គម​ និង​ការ​ស្រាវជ្រាវ​។​ កន្លង​មក​ ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​មួយ​ចំនួន​តាម​រយៈ​ការ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ និង​ជា​អ្នក​ហាត់​ការ​នៅ​តាម​ស្ថាប័ន​ផ្សេងៗ​។​ ខ្ញុំ​បាន​ចាប់ផ្ដើម​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​តាំងពី​អាយុ​ ១៥​ ឆ្នាំ​ ដោយ​ផ្តើម​ចេញពី​ការ​ធ្វើ​ជា​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​ភាសា​អង់គ្លេស​រយៈពេល​ជាង​ ៥​ ឆ្នាំ​ នៅ​សមាគម​មួយ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្តកំពត​ ដែល​ជា​ស្រុក​កំណើត​របស់ខ្ញុំ​។​ បន្តបន្ទាប់​មក​ ខ្ញុំ​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ផ្សេងៗ​ជាមួយ​យុវជន​ដទៃ​ទៀត​នៅ​ក្នុង​សមាគម​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​អំពី​បរិស្ថាន​ អនាម័យ​ ការ​គ្រប់គ្រង​សំណល់​ និង​ជា​ពិសេស​គឺ​វេទិកា​លើកកម្ពស់​ការ​អប់រំ​សម្រាប់​កុមារ​ និង​យុវជន​ ព្រមទាំង​ការ​លើកទឹកចិត្ត​ឱ្យ​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ ដើម្បី​ឱ្យ​កុមារ​ និង​យុវជន​នៅ​ក្នុង​សហគមន៍​មានឱកាស​ទទួល​បានការ​អប់រំ​កាន់តែ​ទូលំទូលាយ​។​

​ការ​ទទួល​បាន​ឱកាស​ធ្វើ​ជា​អ្នក​ហាត់​ការ​នៅ​ អូ​ឌី​ស៊ី​ គឺជា​មាគ៌ា​ និង​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​។​ ក្នុង​នាម​ជា​យុវជន​ម្នាក់​ដែល​ចូល​ចិត្ត​ការងារ​សង្គម​ និង​មាន​បំណង​ចង់​ចូលរួម​ចំណែក​ដល់​សង្គម​ជាតិ​ ក្នុង​រយៈពេល​ ៦​ ខែ​នៅ​អូ​ឌី​ស៊ី​ ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​អនុវត្ត​ជាក់ស្ដែង​យ៉ាងច្រើន​។​ នៅ​ក្នុង​តួនាទី​របស់ខ្ញុំ​ កិច្ចការ​ប្រចាំ​ថ្ងៃ​រួម​មាន​ ការ​អាន​ និង​ស្វែងរក​ព័ត៌មាន​ ព្រមទាំង​សេចក្ដី​ប្រកាស​ផ្សេងៗ​ដើម្បី​ដាក់​បញ្ចូល​ទៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​ ទោះបីជា​ការងារ​នេះ​ជា​ការងារ​ប្រចាំ​ថ្ងៃ​ និង​ដដែលៗ​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ធុញទ្រាន់​ឡើយ​ ព្រោះ​ការ​អាន​ព័ត៌មាន​ និង​ការ​ស្វែងរក​សេចក្ដី​ប្រកាស​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​បច្ចុប្បន្នភាព​ថ្មីៗ​ជា​ប្រចាំ​អំពី​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​សង្គម​។​

បន្ថែម​ពី​នេះ​ ខ្ញុំ​បាន​សរសេរ​ទំព័រ​ប្រធានបទ​មួយ​ស្ដី​ពី​ «​ស្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ និង​នយោបាយ​»​។​ ការ​សរសេរ​ប្រធានបទ​នេះ​បាន​ជួយ​ឱ្យ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​លើ​ការ​សរសេរ​ផ្អែក​លើ​ប្រធានបទ​ច្បាស់លាស់​ និង​ការ​រក្សា​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ​ដើម​ ដោយ​មិន​មានការ​បញ្ចូល​ការ​វិភាគ​បន្ថែម​ ឬ​ទស្សនៈ​ផ្ទាល់ខ្លួន​ឡើយ​។​ ខ្ញុំ​បាន​រៀនសូត្រ​បាន​ច្រើន​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ទិន្នន័យ​ ការ​ស្រង់​យក​ទិន្នន័យ​ពី​ប្រភព​ច្បាស់លាស់​ ការ​រក្សា​អត្ថន័យ​ដើម​ពី​ប្រភព​ព័ត៌មាន​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​។​ ចំណុច​សំខាន់​មួយ​ដែល​ខ្ញុំ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​នោះ​គឺ​ អូ​ឌី​ស៊ី​ផ្តល់​ជូន​នូវ​ទិន្នន័យ​បើក​ទូលាយ​ ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​អព្យាក្រឹតភាព​នៃ​ទិន្នន័យ​។​

​ក្រៅពី​កិច្ចការ​ចម្បង​ និង​ការ​សរសេរ​អត្ថបទ​ ខ្ញុំ​ក៏​បាន​រួមចំណែក​ជួយ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​អង្គភាព​ ដូច​ជា​ ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​អត្ថបទ​ ការ​កែសម្រួល​ ការ​បកប្រែ​ ការ​បញ្ចូល​ទិន្នន័យ​ និង​ការ​ថតរូប​ជាដើម​។​ លើស​ពី​នេះ​ ខ្ញុំ​មានឱកាស​បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ និង​វគ្គ​បណ្ដុះបណ្ដាល​សហគមន៍​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ ខេត្តក្រចេះ​ រតនគិរី​ និង​មណ្ឌលគិរី​ ដោយ​ខ្ញុំ​បាន​ជួយ​រៀបចំ​សម្ភារ​ ជួយ​សម្របសម្រួល​ផ្ទាល់​នៅ​ទីតាំង​ និង​កត់ត្រា​កំណត់ហេតុ​នៃ​សិក្ខាសាលា​។​ ក្រោយ​ពេល​វគ្គ​បណ្ដុះបណ្ដាល​ត្រូវ​បាន​បញ្ចប់​ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ប្លុក​មួយ​ដែល​មាន​ចំណងជើង​ថា​ «​ពង្រឹង​ការ​ការពារ​ព្រៃ​សហគមន៍​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​»​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​ បន្ថែម​លើ​នេះ​ ខ្ញុំ​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​ដែល​រៀបចំ​ដោយ​អូ​ឌី​ស៊ី​ នៅ​រាជធានី​ភ្នំពេញ​ និង​ជំនួប​បច្ចេកទេស​ស្ដី​ពី​ការ​ធ្វើ​ផែនទី​ ដែល​កម្មវិធី​ទាំងនេះ​បាន​ជួយ​ឱ្យ​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ និង​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​សង្គម​បន្ថែម​លើ​ភារកិច្ច​ការងារ​ប្រចាំ​ថ្ងៃ​។​

​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ខ្ញុំ​ទទួល​បាន​ឱកាស​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​ ដោយ​អូ​ឌី​ស៊ី​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២៦​ ដែល​នៅ​ក្នុង​នោះ​ ខ្ញុំ​បាន​ចូលរួម​ចំណែក​ជា​អ្នក​ស្ម័គ្រចិត្ត​កត់ត្រា​កំណត់ហេតុ​/​សរសេរ​អត្ថបទ​ប្លុក​ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​។​ នៅ​ថ្ងៃ​កម្មវិធី​ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ប្លុក​មួយ​ដែល​មាន​ចំណងជើង​ថា​ «​បរិយាកាស​ថ្ងៃ​ដំបូង​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២៦»​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​លើ​គេហទំព័រ​របស់​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​។​ នៅ​មុន​ពេល​ និង​អំឡុង​ពេល​កម្មវិធី​ តួនាទី​របស់ខ្ញុំ​គឺ​ផ្តោត​យ៉ាង​ម៉ត់ចត់​លើ​ការ​កត់ត្រា​កំណត់ហេតុ​ ដោយ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​កត់ត្រា​ រក្សា​ទុក​ និង​ថែរក្សា​នូវ​ព័ត៌មាន​លម្អិត​ សារសំខាន់ៗ​ និង​ទិន្នន័យ​ដែល​បាន​ចែករំលែក​ដោយ​វាគ្មិន​ពេញ​មួយ​កម្មវិធី​។​ តាម​រយៈ​ឱកាស​នេះ​ ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត​លើ​ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់​ ការ​កត់ត្រា​កំណត់ហេតុ​ និង​ការ​ក្រសោប​យកចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​បញ្ញា​សិប្បនិម្មិត​ សុវត្ថិភាព​ឌី​ជី​ថ​ល​ សិទ្ធិ​ និង​ការ​ទទួល​បាន​ព័ត៌មាន​។​ កម្មវិធី​នេះ​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​ជួប​ និង​ស្តាប់​នូវ​ទស្សនៈ​ស៊ីជម្រៅ​ដែល​បាន​ចែករំលែក​ពី​សំណាក់​វាគ្មិន​ជំនាញៗ​ផង​ដែរ​។

អានអំពីកក្កដានៅទីនេះ

​ជា​ចុង​ក្រោយ​ ក្រៅពី​ការ​ទទួល​បាន​ចំណេះដឹង​ បទ​ពិសោធន៍​ និង​ជំនាញ​ អូ​ឌី​ស៊ី​ក៏​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​ និង​ពុំ​មានការ​រើសអើង​នោះ​ទេ​។​ រយៈពេល​ ៦​ ខែ​នៃ​ការ​ហាត់​ការ​នេះ​ ខ្ញុំ​ពុំ​ធ្លាប់​ទទួល​បាន​នូវ​ពាក្យ​មិន​សមរម្យ​ ឬ​ពាក្យ​សម្ដី​ស្អប់ខ្ពើម​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ក្រុមការងារ​របស់​អូ​ឌី​ស៊ី​ បាន​យកចិត្តទុកដាក់​លើ​អ្នក​ហាត់​ការ​គ្រប់ៗ​គ្នា​ លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​ខ្ញុំ​ធ្វើការ​ងារ​បាន​ល្អ​ ព្រមទាំង​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​ និង​ប្រឹក្សា​យោបល់​អំពី​អនាគត​អាជីព​ការងារ​ដល់​ខ្ញុំ​ផង​ដែរ​។​ ទាំងនេះ​គឺ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​។​ ខ្ញុំ​ពិតជា​អរគុណ​អូ​ឌី​ស៊ី​ខ្លាំង​ណាស់​ដែល​បាន​ផ្តល់​នូវ​ឱកាស​ និង​បទ​ពិសោធន៍​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ខ្ញុំ​។​ សូម​ជូនពរ​ឱ្យ​អូ​ឌី​ស៊ី​កាន់តែ​រីក​ចម្រើន​បន្ត​ទៅ​មុខ​ និង​សម្រេច​បាន​ជោគជ័យ​នូវ​បេសកកម្ម​របស់​ខ្លួន​កាន់តែ​ច្រើន​។​ អូ​ឌី​ស៊ី​ពិតជា​ស្ថាប័ន​ដ៏​ល្អ​ និង​ស័ក្តិសម​សម្រាប់​និស្សិត​ដែល​កំពុង​ស្វែងរក​ឱកាស​ដើម្បី​អនុវត្ត​ជាក់ស្ដែង​ និង​រួមចំណែក​ដល់​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​។​ សូម​អរគុណ​!