សេចក្តីជូនដំណឹងស្តីពី ការប្រតិបត្តិធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍ (ន.ទ.ក) បានចេញសេចក្តីជូនដំណឹងដើម្បីជម្រាបជូនសាធារណជន និងបណ្តាក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ថា ន.ទ.ក ទទួលបានសំណើសុំអន្តរាគមន៍ពីក្រុមហ៊ុនភ្នាក់ងារ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយ ន.ទ.ក និងទទួលបានសិទ្ធិស្របច្បាប់ពីក្រុមហ៊ុនផលិតគ្រៀងសម្ភារបរិក្ខារផ្ទាល់ (Vendors) ក្នុងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Apple (iPhone) និងក្រុមហ៊ុន Samsung នាឡិកាឆ្លាតរបស់ក្រុមហ៊ុន Garmin និងគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ប្រភេទផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទាំងនេះ ដោយបុគ្គលខុសច្បាប់ ដែលពុំមានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារ និង/ឬពុំមានចុះបញ្ជីទទួលស្គាល់យថាប្រភេទ (TA) នៅ ន.ទ.ក ពីព្រោះថាការណ៍នេះបាននិងកំពុងបង្កផលប៉ះពាល់យា់ងធ្ងន់ធ្ងរដល់ប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនស្របច្បាប់។
និយ័តករទូរគមនាគមន៍ នឹងចាត់វិធានការយ៉ងម៉ឹងម៉ាត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណី ន.ទ.ក រកឃើញថា សាធារណជន និងក្រុមហ៊ុននៅបន្តធ្វើសកម្មភាពផ្ទុយនឹងច្បាប់។ ទន្ទឹមនឹងនេះ ន.ទ.ក សូមអំពាវនាវដល់សាធារណជន និងក្រុមហ៊ុនចូលរួមសហការ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់ តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh។
និយ័តករទូរគមនាគមន៍ (ន.ទ.ក)