ម.ស.ម.ក៖ កម្ពុជាត្រូវគោរពសិទ្ធិស្វ័យសម្រេចសិទ្ធិសម្តែងមតិ អារម្មណ៍ និងជម្រើសរាងកាយរបស់ស្ត្រី
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សកម្មជនស្រ្តីដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជា បានចេញលិខិតចំហមួយជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានការរិះគន់ទៅដល់ស្ត្រីដែលស្លៀកពាក់លេចលើលេចក្រោម។
នៅក្នុងអំឡុងនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានមតិសំណេះសំណាលដោយភ្ជាប់ទៅនឹងការរិះគន់ទៅដល់ស្ត្រីដែលប្រកបរបររកស៊ីតាមអនឡាញ ហើយនិងការស្លៀកពាក់របស់ពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងវប្បធម៌ជាតិ និងបានផ្តល់អនុសាសន៍ជំរុញដល់គណៈកម្មការជាតិដើម្បីលើកកម្ពស់តម្លៃស្ត្រីនិងគ្រួសារខ្មែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃនិងអាជ្ញាធរ បង្កើនការស៊ើបអង្កេតនិងបង្ក្រាបតាមប្រព័ន្ធបច្ចេកវិទ្យា។ វិធានការនេះជាការព្រួយបារម្ភសម្រាប់ក្រុមអ្នកសកម្មផ្នែកសិទ្ធិស្ត្រីកម្ពុជាដែលធ្វើកិច្ចការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជា។ អនុសាសន៍របស់សម្តេចក្នុងផ្នែកនេះហាក់ដូចជា មិនស្របទិសដៅគ្នាជាមួយនឹងអនុសញ្ញាស៊ី.ដ ព្រមទាំងច្បាប់និងគោលនយោបាយជាតិនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្ត និងយកចិត្តទុកដាក់ ដូចដែលបានរៀបរាប់ខាងលើ។
លិខិតនោះក៏បាននិយាយដែរថា ការដាក់ទណ្ឌកម្មទៅលើស្ត្រីដោយសារតែជម្រើសនៃការស្លៀកពាក់របស់ពួកគេ គឺជាឬសគល់នៃអំពើហិង្សា និងការរើសអើងលើស្ត្រី វាមិនមែនជាដំណោះស្រាយនោះទេ ដែលរាជរដ្ឋាភិបាលគួរធ្វើការពិចារណាឡើងវិញ។ ហើយពួកគេសូមអំពាវនាវ សល់រាជរដ្ឋាភិបាលក្នុងការធានាថា កម្ពុជានឹងគោរពសិទ្ធិស្វ័យសម្រេច សិទ្ធិសម្តែងមតិ អារម្មណ៍ និងជម្រើសរាងកាយរបស់ស្ត្រី ដើម្បីសម្រេចបានការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រនៅកម្ពុជា៕
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)