មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីធុរកិច្ចនិងសិទិ្ធមនុស្ស ស្តីពីការ៖ ទប់ស្កាត់ ការកាត់បន្ថយ និងការដោះស្រាយការរំលោភសិទិ្ធនានាពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ស្តីពីការ៖ ទប់ស្កាត់ ការកាត់បន្ថយ និងការដោះស្រាយការរំលោភសិទិ្ធនានាពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជានៅលើគេហទំព័ររបស់ខ្លួន ទាំងជាភាសាអង់គ្លេស និងខេមរភាសា។ ជាផ្នែកមួយនៃគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់ខ្លួន ម.ស.ម.ក បានធ្វើការសិក្សាស្រាវជ្រាវ ដើម្បីវាយតម្លៃលើស្ថានភាពទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់នៃទំនាស់ដីធ្លីនេះមកលើសិទ្ធិមនុស្ស ដោយផ្តោតលើករណីចំនួនបី។ ដោយមានការសហការជាមួយនឹង អាក់សិនអេត ម.ស.ម.ក បានរកឃើញទំនាស់ដីធ្លីចំនួនបីដែលប៉ះពាល់ប្រជាពលរដ្ឋជាង ១.៦០០ គ្រួសារ៖ ទំនាស់ដីធ្លីដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋជាមួយ នឹងក្រុមហ៊ុនស្ករសមីតធ័រ ភូល នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទំនាស់ដីធ្លីពាក់ព័ន្ធនឹងសហគមន៍ជនជាតិដើមភាគតិច និងក្រុមហ៊ុនចម្ការកៅស៊ូ សុកហ្វិន ខេស៊ីឌី នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយករណីចុងក្រោយ គឺទំនាស់ដីធ្លីពាក់ព័ន្ធនឹងអ្នកភូមិ និងក្រុមហ៊ុន អ៊ឹម.ឌី.អេស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដា អឹម.ឌី.អេស ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ័សាត់។ ដើម្បីអាន ឬទាញយកអត្ថបទពេញលេញនៃកំណត់ត្រាសង្ខេបនេះ សូមចូលទៅកាន់តំណ៖ https://bit.ly/2GHZFk1.
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)