ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានដឹកនាំប្រជុំ គ.អ.ឆ.ក. តាមរយៈប្រព័ន្ធ Zoom។
នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គ.អ.ឆ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ដ.ន.ស ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថានសរុបប្រមាណ ៦៣ នាក់។ កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់ៗចំនួនប្រាំដូចជា៖ (១) វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ (២) វឌ្ឍនភាពនៃការស្ថាបនាផ្លូវតភ្ជាប់ពីវិថី ២ធ្នូ ចំណុចឆ្នេរសុខា ទៅផ្លូវលេខ ៥០២ ចំណុចឆ្នេរអូរឈើទាល ស្ថិតនៅពយតាមោង (៣) វឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយទីមួយ ស្ថានីយទីពីរ និងលើកទិសដៅស្ថាបនាស្ថានីយទីបី (៤) គម្រោងប្លង់អភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និង (៥) ស្ថានភាពថវិការបស់ គ.អ.ឆ.ក.។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា