វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៖ បច្ចុប្បន្នភាពអំពី សកម្មភាពពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី (COVID-19) គិតត្រឹម ថ្ងៃទី ២៥ កុម្ភៈ ២០២០
នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានចេញប្រកាសមួយស្តីពីបច្ចុប្បន្នភាពអំពី សកម្មភាពពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី (COVID-19)។ ដោយបានប្រើប្រាស់សមត្ថភាពមន្ទីរពិសោធន៍ មានជីវសុវត្ថិភាពកម្រិតទៅ៣ (BLS-3-level) រួមជាមួយការវិភាគមន្ទីរពិសោធន៍មួយចំនួន យោងតាមការណែនាំបឋមរបស់ អង្គការសុខភាពពិភពលោក (WHO)វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានអនុវត្ត បានពិនិត្យសុពលភាព និងធានាបាននូវសមត្ថភាពធ្វើរោគវិនិច្ឆ័យរក និងរួមឆ្លើយតបទៅនឹងការឆ្លងវិរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ដែលជាអង្គភាពសម្របសម្រួល ទទួលបានការចាត់តាំង ក្នុងការរាយការណ៍ករណីសង្ស័យ វត្ថុវិភាគជា តម្បារច្រមុះ និងបំពង់ក ពីករណីសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅ IPC យ៉ាងទាន់ពេលវេលា និងត្រូវបានធ្វើការវិភាគភ្លាមៗ។ វត្ថុវិភាគទាំងអស់ត្រូវបានធ្វើវិភាគដោយ វិធីសាស្ត្រមន្ទីរពិសោធន៍ដែលមានសុពលភាព។ ករណីសង្ស័យ ត្រូវបានធ្វើតេស្តដោយច្រើនវិធីសាស្ត្រផ្សេងគ្នា ដើម្បីធានាបាននូវសុពលភាពលទ្ធផល។
នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ IPC បានធ្វើតេស្តឃើញករណី ឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ដំបូង និងតែមួយគត់ នៅប្រទេសកម្ពុជា ដែលជាអ្នកដំណើរពីទីក្រុងវូហាន ប្រទេសចិនមកប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ នេះ ប្រព័ន្ធការងារ CDC/IPC ទទួលបានការរាយការណ៍ចំនួន ៥៥ ករណីសង្ស័យ (៦១ វត្ថុវិភាគ) និង ៨ ករណីប៉ះពាល់ជិតស្និទ្ធ (១១ វត្ដុវិភាគ) តាមរយៈប្រព័ន្ធរាយការណ៍នេះ។ បន្ទាប់មកវត្ថុវិភាគចំនួន ១ ៥៨០ យកពីអ្នកសមណើរនាវាទេសចរណ៍វេស្ទឺដាម ចំនួន ៨០៤ នាក់ និងយកពីបុគ្គលិកនាវានោះ ចំនួន ៧៧៦ នាក់ ដែលអ្នកទាំងនោះមិនមានរោគសញ្ញា ត្រូវបានធ្វើតេស្ត និងមានលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)។ IPC ក៏បានចូលរួមធ្វើតេស្តវត្ថុវិភាគ យកពីបុគ្គលិកនាវាទេសចរណ៍ World Dream មិនមានរោគសញ្ញ ចំនួន ៣៦ នាក់ និងយកពីនិស្សិតខ្មែរ ៤១ នាក់ (មិនមានរោគសញ្ញា) ដែលសិក្សានៅប្រទេសចិន ដោយលទ្ធផលវិភាគទាំងអស់ អវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)។
IPC ត្រូវបានចាត់តាំងដោយក្រសួងសុខាភិបាលកម្ពុជា ជាមន្ទីរពិសោធន៍ជួរមុខ សម្រាប់ការធ្វើរោគវិនិច្ឆ័យរកវីរុសកូរ៉ូណាថ្មី (COVID-19)។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា