ជប៉ុនផ្តល់ថវិកាសរុបចំនួន ៣០៥,៣១៤ ដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងចំនួនបួន
នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៣០៥,៣១៤ ដុល្លារអាមេរិក ដក់អង្គភាពទទួនជំនួយចំនួនបួន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងបួនសម្រាប់គម្រោងដូចជា ៖ គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាឈើទាលជ្រំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ (ចំនួន ៥៨,៨០០ ដុល្លារអាមេរិក), គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាបឹងស្នូល ក្នុងស្រុកបរវេល ខេត្តបាត់ដំបង (ចំនួន ៨១,៨១៨ ដុល្លារអាមេរិក), គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាឃ្លាំង ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង (ចំនួន ៨២,៣៥៥ ដុល្លារអាមេរិក), និង គម្រោងសាងសង់អគារសម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ក្នុងខេត្តកំពង់ស្ពឺ (ចំនួន ៨២, ៣៤១ ដុល្លារអាមេរិក)។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា