ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន​ ការ​លើកកម្ពស់​ការ​សិក្សា​បំប៉ន​បន្ថែម​ និង​ការ​អភិវឌ្ឍ​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មាន​គុណភាព​សម្រាប់​ការ​អប់រំ​កាយ​តាម​រយៈ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​

​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​។​ រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ថវិកា​សរុប​ចំនួន​ ៨៤៣,៩៤៦​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​បី​ សម្រាប់​អនុវត្ត​គម្រោង​ដូច​តទៅ​៖​

  1. អង្គការ​ Nature​ Center​ Risen៖​ គម្រោងការ​សម្រេច​ឱ្យ​បាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចរី​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​តាម​រយៈ​ការ​លើកកម្ពស់​ និង​អប់រំ​ការ​យល់​ដឹង​អំពី​បរិស្ថាន​ (​ឆ្នាំ​ទី​៣)​ (​ថវិកា​ជំនួយ​ ១១០,០៣៥​ ដុល្លារ​អា​មេ​រិ​ក​)
  2. អង្គការ​សន្តិ​ស្ម័គ្រចិត្ត​ (SVA)៖​ គម្រោង​លើកកម្ពស់​ការ​សិក្សា​បំប៉ន​បន្ថែម​សម្រាប់​សាលា​បឋម​សិក្សា​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា​ (​ថវិកា​ចំនួន​ ២៦៣,៦៥៦​ ដុល្លារ​អា​មេ​រិ​ក​)
  3. អង្គការ​បេះដូង​មាស​៖​ គម្រោង​អភិវឌ្ឍ​គ្រឹះស្ថានឧត្តមសិក្សា​អប់រំ​គ្រូបង្រៀន​អប់រំ​កាយ​ដែល​មាន​គុណភាព​រយៈពេល​បួន​ឆ្នាំ​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (​ឆ្នាំ​ទី​១)​ (​ថវិកា​ចំនួន​ ៤៧០,២៥៥​ ដុល្លារ​អា​មេ​រិ​ក​)

​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ បាន​ចាប់​ផ្តើ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០២​ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​តាម​កម្រិត​មូលដ្ឋាន​។​ ចាប់តាំងពី​ឆ្នាំ​២០០២​មក​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ថវិកា​ជាង​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដល់​គម្រោង​ចំនួន​១៤៩​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្រិត​បឋម​សិក្សា​វិស័យ​សុខាភិបាល​ វិស័យ​កសិកម្ម​ និង​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ប្រទេស​កម្ពុជា​។​

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf