សេចក្តីថ្លែងការណ៍រួម៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៣ ស្តីពីការឃ្លាំមើលលើសេរីភាពមូលដ្ឋាននៅកម្ពុជា
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) បានប្រកាសចេញផ្សាយរបាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលលើសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលគម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋានបានចងក្រងឡើង។ របាយការណ៍នេះ បង្ហាញពីទិដ្ឋភាពទូទៅជុំវិញលើការអនុវត្តសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។