សេចក្តីថ្លែងការណ៍រួម៖ សូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកការពារសិទ្ធមនុស្ស លោក ស៊ឹង សែនករុណា
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសមាគម សហជីព និងសហគមន៍ចំនួន៥៥ បានចេញសេចក្តីថ្លែងការណ៍រួម ស្នើឱ្យមានការដកពាក្យបណ្តឹងលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)។ សេចក្តីថ្លែងការនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងលើ លោក ស៊ឹង សែនករុណា ទៅកានសាលាដំបូងរាជធានីភ្នំពេញ ស្នើឱ្យមានការផ្តន្ទាទោសលើ លោក ស៊ឹង សែនករុណា និងទាមទារសំណងប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។ គណបក្សប្រជាជនកម្ពុជាបានអះអាងថា លោក សឹង សែនករុណា បានធ្វើឲ្យខូចកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដោយសារការនិយាយរបស់លោកក្នុងសារព័ត៌មាន។ សេចក្តីថ្លែងការណ៍រួមនេះក៏បានអំពាវនាវឱ្យបញ្ឈប់រាល់ទម្រង់នៃការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គមនៅក្នុងប្រទេសកម្ពុជា។