សេចក្ដីថ្លែងការណ៍រួម៖ សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថាប័នសារព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិលចំនួន៩៣ បានចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី និងថ្កោលទោសផងដែរចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់។
ពួកគេក៏ស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានេះប្រកបដោយការអត់ធ្មត់ វិជ្ជាជីវៈ និងការគោរព ដែលស្របទៅនឹងច្បាប់កម្ពុជា និងមិនប៉ះពាល់ដល់លំហរសារព័ត៌មាននៅកម្ពុជា។ លើសពីនេះ ពួកគេសង្ឃឹមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធដូចជា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នឹងចូលរួមក្នុងការអំពាវនាវឱ្យលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត ធ្វើការសុំទោសចំពោះ ស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់ ដែលបាននិពន្ធអត្ថបទវីអូឌីដ៏ចម្រូងចម្រាសនេះ ព្រមទាំងបញ្ឈប់សកម្មភាពមិនត្រឹមត្រូវនៃការបៀតបៀនផ្លូវភេទចំពោះស្ត្រីអ្នករាយការណ៍ព័ត៌មាន។ ជាចុងក្រោយ ពួកគេសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់វីអូឌី និងអ្នកសារព័ត៌មានរបស់ពួកគេ រួមជាមួយនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា ក៏ដូចជាសិទ្ធិក្នុងការប្រកបការងាររបស់ពួកគេ ដោយអនុលោមតាមច្បាប់ និងដោយគ្មានការភ័យខ្លាចពីការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)