សេចក្តីថ្លែងការណ៍រួម ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលចំនួន ២៤ ដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍រួម ធ្វើការថ្កោលទោសចំពោះ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើកងកម្លាំងសន្តិសុខដោយមិនសមហេតុផលក្នុងការឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។
ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលចំនួន ២៤ សូមអំពាវនាវឱ្យនគរបាលនៃអធិការដ្ឋានស្រុកសំបូរ ខេត្តក្រចេះ សូមរក្សាសុវត្ថិភាព និងដោះលែងសកម្មជនបរិស្ថានទាំង៤ នាក់ខាងលើដោយគ្មានលក្ខខណ្ឌ។ សេចក្តីថ្លែងការណ៍រួមក៏ស្នើឱ្យប៉ូលីសនៃអធិការដ្ឋានស្រុកនិងខេត្តក្រចេះ ធ្វើការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីនៃការឃាត់ខ្លួនសកម្មជនបរិស្ថានរបស់ក្រុមហ៊ុនស៊ីងបាយអូថេក និងស្វែងរកជនដៃដល់ទាំង២នាក់ និងអ្នកពាក់ព័ន្ធដែលបានប្រើអំពើហិង្សាលើលោក មេន ម៉ាត់ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមានដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះ។
បណ្តាញយុវជនកម្ពុជា