សេចក្ដីជូនដំណឹងស្ដីពីវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ អំពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននឹងកំពុងកើតឡើងគួរឱ្យកត់សម្គាល់។ ឧក្រិដ្ឋជនបានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃទៀត ដើម្បីបញ្ជូនមេរោគតាមសារក្នុងកម្មវិធីតេឡេក្រាម សម្រាប់បោកបញ្ឆោតអ្នកប្រើប្រាស់ ដែលគេបានកំណត់មុខសញ្ញា។ ឯកសារដែលមានផ្ទុកមេរោគ អាចអនុញ្ញាតឱ្យឧក្រិដ្ឋជនលួចយកទិន្នន័យនានានៅក្នុងទូរស័ព្ទ ឬកុំព្យូទ័រ ដូចជា ឯកសារ លេខកូដសម្ងាត់ ព្រមទាំងអាចបញ្ជាកាមេរ៉ាថតរូប និងឧបករណ៍ថតសំលេងផងដែរ។ លើសពីនេះវាប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះទៅបោកបញ្ឆោតអ្នកដទៃទៀត។
ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់របស់ក្រុមអ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាមគួរតែផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមកឱ្យបានច្បាស់លាស់។ ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់អាចបិទ (Block User) ឬរាយការណ៍អំពីករណីនេះតាមអ៊ីម៉ែល incident@camcert.gov.kh ឬលេចទូរស័ព្ទ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។ លោកអ្នកក៏អាចស្វែងយល់បន្ថែមក្នុងគេហទំព័រ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)”។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍