សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងជំនួបនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក“ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា “កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច”។
ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាពមិនប្រាកដប្រជានៅក្នុងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីគោលនយោបាយការបរទេសដែលព្រះរាជាណាចក្រកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់។ ក្នុងចំណោមនយោបាយការបរទេសទាំងនោះ រួមមាន ការការពារប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនយោបាយការទូតបុរេសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ