សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ នឹង​បន្ត​អនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ​និង​ផ្អែក​លើ​ច្បាប់​ ដែល​ការពារ​ផលប្រយោជន៍​ស្នូល​ ធានា​អធិបតេយ្យភាព​និង​សន្តិភាព​ និង​ ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​

​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ជំនួប​នៃ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ប្រធានបទ​ “​គោលនយោបាយ​ការ​បរទេស​កម្ពុជា​ក្នុង​បរិបទ​ថ្មី​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​“​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សង្កត់ធ្ងន់​ថា​ “​កម្ពុជា​នឹង​បន្ត​អនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ​និង​ផ្អែក​លើ​ច្បាប់​ ដែល​ការពារ​ផលប្រយោជន៍​ស្នូល​ ធានា​អធិបតេយ្យភាព​និង​សន្តិភាព​ និង​ ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​”​។​

ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ និង​ភាព​មិន​ប្រាកដប្រជា​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​ការ​បរទេស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​ប្រកាន់ខ្ជាប់​។​ ក្នុង​ចំណោម​នយោបាយ​ការ​បរទេស​ទាំងនោះ​ រួម​មាន​ ការ​ការពារ​ប្រយោជន៍​ស្នូល​របស់​កម្ពុជា​ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នយោបាយ​ការទូត​បុ​រេ​សកម្ម​ ដែល​ធានា​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ ឯករាជ្យ​ សន្តិភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ការ​អនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ​និង​ផ្អែក​លើ​ច្បាប់​ ស្រប​តាម​គោលបំណង​ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ និង​អាស៊ាន​ ព្រមទាំង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​ដែល​មាន​ស្រាប់​ និង​ដៃគូ​ថ្មីៗ​។​

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf