សេចក្តីប្រកាសព័ត៌មាន៖ ប្រទេសអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៦៧,១ លានអឺរ៉ូ (ប្រមាណជា ៧៤ លានដុល្លារអាមេរិក )។
រដ្ឋាភិបាលអាល្លឺម៉ង់នឹងផ្តល់ទឹកប្រាក់ ៣០ លានអឺរ៉ូ សម្រាប់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ២ លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទានលើគម្រោងប្រសិទ្ធិភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៨។ បន្ថែមពីនេះ រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូសម្រាប់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា និងហិរញ្ញប្បទានឥតសំណងចំនួន ៥,១ លានអឺរ៉ូ សម្រាប់គាំទ្រការធ្វើហិរញ្ញប្បទានលើគម្រោងជាក់លាក់មួយចំនួនទៀត ដែលស្ថិតក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ