សេចក្តីជូនព័ត៌មាន៖ ប្រតិកម្មរបស់ក្រសួងការបរទេសលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍ដែលស្តីពីពលករចំណាកស្រុក
កាសពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានដើម្បីឆ្លើយតបនឹងអត្ថបទដែលមានចំណងជើងថា “Migrant worker protections lacking, reports find” ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្វើការបំភ្លឺដូចតទៅ៖
- តបតាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជាទាំងអស់ បានផ្តល់ជំនួយចាំបាច់នានាដល់ពលរដ្ឋ/ពលករកម្ពុជា នៅក្នុងបណ្តាប្រទេសតាំងនៅ ហើយចាត់ទុកការជួយនេះ ជាកិច្ចការអាទិភាពមួយរបស់ស្ថានតំណាង ទោះត្រូវប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ។
- ក្រសួងការបរទេស តែងតែជូនព័ត៌មានដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយអំពីករណីជាក់ស្តែងជាច្រើននៃការជួយសង្គ្រោះពលរដ្ឋ/ពលករកម្ពុជាពីសំណាក់ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស។ ថ្មីៗនេះ ក្រសួងទើបតែបានបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថានតំណាងកម្ពុជានៅក្រៅប្រទេស នៅក្នុងឆមាសទី១ ឆ្នាំ២០១៧។
- ដូចនេះ ការចោទប្រកាន់ថា “នៅពេលពួកគេ [ពលករខ្មែរ] សុំជំនួយពីស្ថានទូត ពួកគេពុំទទួលបានការជួយនោះទេ” ពុំមានមូលដ្ឋានការពិតឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ