សេចក្តីប្រកាសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីកុមាររៀនកុមារចេះរបស់ក្រសួងអប់រំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី “កុមាររៀនកុមារចេះ” របស់ក្រសួងអប់រំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សេចក្តីប្រកាសនេះក៏បានអោយដឺងដែរថា “កម្មវិធីកុមាររៀនកុមារចេះ” ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភស្តុតាងនៃការសិក្សាស្រាវជ្រាវលើ ការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្លងមក។ កម្មវិធីនេះផ្តោតទៅលើការបង្កើតកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យា សម្រាប់កម្រិតថ្នាក់ទី១ និងទី២ ក៏ដូចជាការបណ្តុះបណ្តាល និងការណែនាំអំពីវិធីសាស្ត្រថ្មីៗទាំងនេះទៅកាន់គ្រួបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ និង២០១៩-២០២០ កម្មវិធីកុមាររៀនកុមារចេះត្រូវបានយកមកអនុវត្តក្នុងសាលាបឋមសិក្សាចំនួន ២ ១០០ និងមានសិស្សទទួលផល ១៥០ ០០០នាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពត និងឧត្តរមានជ័យ ព្រមទាំងនៅតាមសាលារៀនចំនួន១៣០ នៅតាមបណ្តាខេត្តដទៃទៀត ដែលបាន និងកំពុងអនុវត្តដោយអង្គការដៃគូនានា។
ក្រសួងនឹងពង្រីកការអនុវត្តកម្មវិធីកុមាររៀនកុមារចេះទៅគ្រប់សាលាបឋមសិក្សាទូទាំងប្រទេស និងបញ្ចូលទៅក្នុងកម្មវិធីនៃការបណ្តុះបណ្តាលគ្រូនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបឋមសិក្សាទូទាំងប្រទេសនៅពេលអនាគត។
ក្រសួងអប់រំ យុវជន និងកីឡា