សេចក្តីប្រកាស​ព័ត៌មាន​ស្តី​ពី កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​ចេញ​សេក្តី​ប្រ​កាស​ព័ត៌មាន ស្តីពី​កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​រៀប​ចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ ក្រោម​អធិបតីភាព​ឯកឧត្តម​ សាយ សំអាល់ រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព។

លទ្ធផល​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ​រួមមាន​៖

  • ការអនុម័ត​ទៅលើ​រចនា​សម្ព័ន្ធ​របស់​ក្រុម​ប្រឹក្សា​ ដោយ​នឹង​ត្រូវ​មាន​អង្គ​ប្រឹក្សា​យោបល់​ថ្នាក់​ជាតិ​ចំនួន​ពីរ​ គឺក្រុម​ឧត្តម​មន្ត្រី​ និង​គណៈ​កម្មាធិការ​វាយ​តម្លៃ​បរិស្ថាន​យុទ្ធសាស្ត្រ​, និង​ការ​បង្កើត​ក្រុម​ការងារ​ថ្នាក់​រាជធានី​ខេត្ត​ដែល​ដឹក​នាំ​ដោយ​អភិបាល​នៃ​គណៈអភិបាល​រាជធានី​ខេត្ត​ សំដៅ​ធានា​បាន​នូវការ​ចូលរួម​យ៉ាង​សកម្ម​ពី​មន្ទីរ​ពាក់ព័ន្ធ​ជុំ​វិញ​ខេត្ត​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​
  • បន្ថែម​ពី​លើ​រចនា​សម្ព័ន្ធ​នេះ​ ក្រុម​ការងារ​បច្ចេកទេស​ចំនួន​៧ នឹង​ត្រូវ​បង្កើត​ ដើម្បី​សម្រប​សម្រួល​ និង​គាំទ្រ​ដល់​ការ​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​ ច្បាប់​ និង​ក្រប​ខណ្ឌ​គតិយុត្តិ លើក​កម្ពស់​ការ​ស្រាវជ្រាវ អប់រំ និង​បណ្តុះ​បណ្តាល ផ្លាស់​ប្តូរ​បច្ចេកទេស​វិទ្យា​ និង​នវានុវត្តន៍ ព្រម​ទាំង​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។ ក្រុម​បច្ចេកទេស​ទាំងនេះ​ នឹង​ផ្តោត​សំខាន់​លើ​៖ ការ​ប្រែ​ប្រួល​អា​កាស​ធាតុ, ទីក្រុង​និរន្តភាព, ថាមពល​និរន្តរភាព, ការ​ប្រើប្រាស់ និង​ផលិត​កម្ម​និរន្តរភាព, ជីវៈចម្រុះ, ការ​ប្រើប្រាស់​ និ​ង​ការ​បែង​ចែក​ផល​ពី​ធនធាន​ពន្ធុ និ​ងជីវ​សវត្ថិភាព, វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្តន៍, និង​ថាមពល​នុយ​ក្លេអ៊ែរ​
  • ការ​ពិនិត្យ​ និង​ពិភាក្សា​ទៅលើ​និមិត្ត​សញ្ញា និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព
  • ការ​កំណត់​សកម្មភាព​អាទិភាព​សម្រាប់​ឆ្នាំ​ ២០១៦-២០១៨ មាន​ជាអាទិ៍ ការងារ​ទីក្រុង​និរន្តរភាព​ ថាមពល​និរន្តរភាព ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ កិច្ច​អភិរក្ស​ជីវៈចម្រុះ​ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បៃ​តង ការ​រៀប​ចំ​បញ្ចប់​នូវ​យុទ្ធ​សាស្ត្រ​ និង​ផែន​ការ​សកម្មភាព​បរិស្ថាន​ និង​ក្រម​បរិស្ថាន។

ទាញយក៖ pdf