សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​រវាង​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​វិមាន​រដ្ឋសភា​ គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​ និង​សហការី​ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ស្វែង​យល់​ពី​ “​កិច្ចការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​”​ ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធិ​ភាព​ និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា​ សំដៅ​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។​ ក្រសួង​ព័ត៌មាន​បានឱ្យ​ដឹងផង​ដែរ​ថា​ ក្រសួង​នឹង​គិតគូរ​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ច្បាប់​ស្តី​ពី​របប​សារព័ត៌​មាននៅ​ពេល​ខាង​មុខ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បរិបទ​ជាក់ស្តែង​នៃ​សង្គម​ជាតិ​ និង​ការ​កើនឡើង​កាន់តែ​ច្រើន​ទាំង​កាសែត​ វិទ្យុ​ ទូរទស្សន៍​ និង​បណ្តាញ​ផ្សព្វផ្សាយ​អន​ឡាញ​។​ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​អំពី​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​ជា​ច្បាប់​ក៏​សំខាន់​ មាន​ភាព​ស្មុគស្មាញ​ និង​មានការ​ពាក់ព័ន្ធ​ក្រសួង​ស្ថាប័ន​ជា​ច្រើន​ដែល​ត្រូវ​ធ្វើការ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​ បច្ចុប្បន្ន​ សេចក្តីព្រាងច្បាប់​នេះ​ ស្ថិត​នៅ​ក្រសួងយុត្តិធម៌​ កំពុង​ពិនិត្យ​មើល​លើ​ជំពូក​ស្តី​ពី​ទោស​ប្បញ្ញត្តិ​ និង​មាន​គម្រោង​សម្រេច​ចេញ​ឱ្យ​បាន​នៅ​ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ នា​ពេល​ខាង​មុខ​។​

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​

ទាញយក៖ pdf