សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទូទាត់​ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ស្ថាប័ន​ NPCI​ International​ Payments​ Limited

នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទូទាត់​ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ស្ថាប័ន​ NPCI​ International​ Payments​ Limited។

​លោក​ជំទាវ​បណ្ឌិត​ ជា​ សិរី​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ (MOU)​ ជាមួយ​ស្ថាប័ន​ NPCI​ International​ Payments​ Limited​ (NIPL)​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទូទាត់​ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌា​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទូទាត់​ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌា​។​ គោលបំណង​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ គឺ​ដើម្បី​បង្កើត​ជា​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​អភិវឌ្ឍ​កា​រត​ភ្ជាប់​ និង​អន្តរ​ប្រតិបត្តិការ​ជា​ឌី​ជី​ថ​ល​ គាំទ្រ​ដល់​ការ​ទូទាត់​ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ នឹង​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ផ្លូវការ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ប្រកបដោយ​សុវត្ថិភាព​ ងាយស្រួល​ និង​តម្លៃ​សមរម្យ​។​ លើស​ពី​នេះ​ កា​រត​ភ្ជាប់​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ខាងលើ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ក្លាយជា​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សក្តានុពល​មួយ​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​នឹង​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ សម្រាប់​ប្រទេស​ទាំង​ពីរ​នា​ពេល​អនាគត​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf