សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NPCI International Payments Limited
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NPCI International Payments Limited។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័ន NPCI International Payments Limited (NIPL) ស្តីពី កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ គោលបំណងនៃការចុះអនុស្សរណៈយោគយល់នេះ គឺដើម្បីបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការសម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។ លើសពីនេះ ការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរនាពេលអនាគត។
ធនាគារជាតិនៃកម្ពុជា