សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកនាំពាក្យខុន្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
កម្ពុជា និងសហភាពអឺរ៉ុបបានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស វិស័យបណ្តុះបណ្តាលជំនាញ វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ៗ នៃការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧“ ដំណាក់កាលទី២ បន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទោកាន់ទីផ្សារសហភាពអឺរ៉ុប។
ខុន្ទកាល័យនាយករដ្ឋមន្ត្រី