សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៣ កាលពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដោយក្នុងនោះមានកិច្ចប្រជុំធំៗចំនួនពីរ៖ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ចំពោះបញ្ហាប្រទេសទីម័រខាងកើត រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រគល់ភារកិច្ចជូនក្រុមការងាររបស់ ACC ពន្លឿនការរៀបចំផែនទីចង្អុលផ្លូវមួយ ដែលផ្អែកលើលក្ខណៈវិនិច្ឆ័យគលដៅសម្រាប់ការចូលជា សមាជិកអាស៊ានពេញសិទ្ធិរបស់ប្រទេសទីម័រខាងកើត ហើយដែលនឹងដាក់ជូនអនុម័តនៅកិច្ចប្រជុំអាស៊ានលើកទី៤២។ កិច្ចប្រជុំបានអនុម័តគោលការណ៍ណែនាំស្តីពីការអនុវត្តលក្ខន្តិកជាអ្នកសង្កេតការណ៍របស់ប្រទេសទីម័រខាងកើតសម្រាប់សមាជិកអាស៊ាន ដើម្បីអនុញ្ញាតឱ្យប្រទេសទីម័រខាងកើតអាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ និងអាចធ្វើសេចក្តីថ្លែងការណ៍បានតាមការសមស្រប។
នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម រួមទាំងស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េសង្គ្រាមនៅអ៊ុយក្រែន និងសមុទ្រចិនខាងត្បូងជាដើម។ រដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងលើកកម្ពស់ពហុភាគីនិយម ការសន្ទនាក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជម្នះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ