សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​

 

​នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឌី​ជី​ថ​ល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ ជា​អាទិ៍​ ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថ​លគោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​។​ ផ្តើម​ចេញពី​គោលនយោបាយ​ទាំងនេះ​ ក​.​ប​.​ទ​.​ បាន​និង​កំពុង​សិក្សា​រៀបចំ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​សំខាន់ៗ​បន្ថែម​ទៀត​ ដូច​ខាងក្រោម​៖

 

  1. ក​.​ប​.​ទ​.​ បាន​បញ្ចប់​ការ​រៀបចំ​ សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឌី​ជី​ថ​ល​ និង​បាន​បញ្ជូន​វា​ទៅ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​បន្ត​នីតិវិធី​នៃ​ការ​អនុម័ត​។​
  2. ក​.​ប​.​ទ​.​ បាន​បញ្ចប់​ការ​រៀបចំ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ​ ​និង​កំពុង​បន្ត​ស្នើ​សុំ​ធាតុ​ចូល​បន្ថែម​ពី​ស្ថាប័ន​នានា​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​។​
  3. ក​.​ប​.​ទ​.​ បាន​បញ្ចប់​ការ​រៀបចំ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សេវា​ប្រៃសណីយ៍​​ ហើយ​បាន​ផ្ញើ​ជូន​ក្រសួង​ ស្ថាប័ន​ និង​ភាគី​ពាក់ព័ន្ធ​ ព្រមទាំង​បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​។​
  4. ក​.​ប​.​ទ​.​ បាន​បញ្ចប់​ការ​រៀបចំ​ សេចក្តី​ព្រាង​ដំបូង​នៃ​ច្បាប់​ស្តី​ពី​ការ​ការពារ​ទិន្នន័យ​បុគ្គល​ ហើយ​គ្រោង​នឹង​រៀបចំ​ការ​ពិភាក្សា​ផ្ទៃក្នុង​ក្រសួង​ នា​ពេល​ខាង​មុខ​។​
  5. ក​.​ប​.​ទ​.​ បាន​ និង​កំពុង​រៀបចំ​ សេចក្តី​ព្រាង​គោលនយោបាយ​បច្ចេកវិទ្យា​ក្លោ​ដ​អាទិភាព ដោយ​បាន​សហការ​និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ ក្នុង​គោលដៅ​រៀបចំ​យុទ្ធសាស្ត្រ​និង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ក្លោ​ដ​ ដែល​អាច​គាំទ្រ​ដល់​ការ​ផ្តល់​សេវា​ឆាប់រហ័ស​ មាន​ប្រសិទ្ធភាព​ តម្លាភាព​ និង​កិច្ច​សហប្រតិបត្តិការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf