សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្ដិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល-ផ្នែកឯកជន សរុបប្រមាណ ១ ២០០នាក់ ក្នុងនោះមកពីក្រុមការងារតាមវិស័យចំនួន១៤ រួមមាន ១-ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ២-ក្រុមការងារផ្នែកទេសចរណ៍ ៣-ក្រុមការងារផ្នែកកម្មន្ដសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ៤-ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ៥-ក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ៦-ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ៧-ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ៨-ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ៩-ក្រុមការងារផ្នែកស្រូវ-អង្ករ ១០-ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ ១១-ក្រុមការងារផ្នែកអប់រំ ១២-ក្រុមការងារផ្នែកសុខាភិបាល ១៣-ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ និង១៤-ក្រុមការងារផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គទូតបរទេសនានាប្រចាំនៅកម្ពុជាផងដែរ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល