សេចក្តី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣​ រវាង​កម្ពុជា​ និង​ ស្វី​ស​

នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ឯកឧត្តម​បណ្ឌិត​ ​ចែម​ ​វីឌ្យ៉ា​ ​រដ្ឋ​លេខា​ធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​កម្ពុជា​-​ស្វី​ស​លើក​ទី​៣​ ជាមួយ​ ឯកឧត្តម​ ហែ​ន​រី​ហ្ស​ ឆេ​លិ​ន​ប៊ែ​ន​ (Heinrich​ Schellenberg)​ រដ្ឋលេខាធិការ​ទទួល​បន្ទុក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៃ​ក្រសួងការបរទេស​ស្វី​ស​ នៅ​ទីស្តីការ​ប្រ​សួង​ការ​បរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​

​កិច្ច​ពិភាក្សា​ផ្តោត​ទៅ​លើ​វិស័យ​ជា​ច្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ រួម​មាន​ វិស័យ​សុខាភិបាល​ អភិបាលកិច្ច​ វិមជ្ឈការ​ កសិកម្ម​ សន្តិសុខ​អាហារ​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការ​ដោះ​មីន​ និង​ជំនួយ​អភិវឌ្ឍន៍​ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អង្គការ​អន្តរជាតិ​ដូច​ជា​ អង្គការសហប្រជាជាតិ​ និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ស្វី​ស​។​ល​។​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ឯកឧត្តម​បណ្ឌិត​រដ្ឋលេខាធិការ​ បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​វេទិកា​ធុរកិច្ច​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ និង​បន្ត​ពិភាក្សា​អំពី​លទ្ធភាព​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផង​ដែរ​។​
​ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​បន្ថែម​ទៀត​អំពី​បញ្ហា​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ចំណាប់អារម្មណ៍​ និង​កង្វល់​រួម​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf