សេចក្តីជូនដំណឹង​៖​ ធនាគារជាតិ​នៃ​កម្ពុជា​ព្រមាន​អំពី​សកម្មភាព​បោកប្រាស់​ និង​ការ​ប្រើប្រាស់​ឈ្មោះ​ និង​រូបភាព​របស់​ធនាគារ​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​ ដើម្បី​ក្រើនរំឭក​ដល់​សាធារណជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​បោកប្រាស់​ដែល​កំពុង​កើនឡើង​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ជនល្មើស​កំពុង​ប្រើប្រាស់​ឈ្មោះ​ និមិត្តសញ្ញា​ និង​រូបភាព​ថ្នាក់ដឹកនាំ​របស់​ធនាគារ​ ដើម្បី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ក្នុង​គោលបំណង​ទុច្ចរិត​ និង​បោកប្រាស់​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​។​ ល្បិច​បោកប្រាស់​ទូទៅ​រួម​មាន​ ការ​ក្លែងបន្លំ​ខ្លួន​ជា​សាច់ញាតិ​ ឬ​បុគ្គលិក​ធនាគារ​ដើម្បី​ស្នើ​សុំ​ផ្ទេរ​ប្រាក់​ ការ​ផ្តល់​រង្វាន់​/​ការងារ​ក្លែងក្លាយ​ដែល​តម្រូវ​ឱ្យ​ផ្ញើ​ប្រាក់​ជា​មុន​ ឬ​ការ​បញ្ចុះបញ្ចូល​បុគ្គល​ឱ្យ​លក់​គណនី​ធនាគារ​របស់​ខ្លួន​ដោយ​ផ្តល់​កម្រៃ​ខ្ពស់​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​សាធារណជន​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចៀសវាង​ចុច​លើ​តំណ​ភ្ជាប់​ គេហទំព័រ​ ឬ​វេទិកា​វិនិយោគ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ហើយ​មិន​ត្រូវ​ផ្ទេរ​ប្រាក់​ ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ ឬ​លក់​គណនី​ធនាគារ​ឱ្យ​អ្នក​ដទៃ​ឡើយ​ ដើម្បី​ទប់ស្កាត់​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ខុសច្បាប់​។​ ធនាគារជាតិ​នៃ​កម្ពុជា​ណែនាំ​ឱ្យ​រាយការណ៍​រាល់​ការ​ប៉ុនប៉ង​បោកប្រាស់​ណាមួយ​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf