ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិកផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកេជើង សម្រាប់ឆ្នាំ២០១៨
នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧ គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំអាណត្តិទី៨ លើកទី១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើលទ្ធផលរបស់ក្រុមការងារបច្ចេកទេសត្រីភាគី និងធ្វើការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨។ ក្រោយការពិភាក្សា ភាគីទាំងអស់បានគាំទ្រជាឯកច្ឆន្ទលើតួលេខ ១៦៥ ដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ៥ ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៦៥ ដុល្លារអាមេរិក។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៨ មានចំនួន ១៧០ ដុល្លារអាមេរិក ក្នុងមួយខែ ដោយអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៨ តទៅ។
ដើម្បីជួយសម្រួលបន្ទុកចំនាយរបស់និយោជក រាជរដ្ឋាភិបាលនឹង៖
- ពន្យារសុពលភាពការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំនេញរបស់រោងចក្រវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងកាបូប សម្រាប់រយៈពេល ៥ ឆ្នាំ (ឆ្នាំ ២០១៨ ដល់ឆ្នាំ២០២២)។
- លុបកម្រៃគ្រប់គ្រងការនាំចេញ (Export Management Fee) នៅក្រសួងពាណិជ្ជកម្ម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ