ពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន
ថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣, នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ មានប្រារព្វពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីពី គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន ក្រោមអធិបតីភាព ឯ.ឧ អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។
គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី ៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ ២០០៣។ គោលដៅរំពឹងទុករបស់គម្រោង គឺការធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត មានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំនូវគោលការណ៍ណែនាំ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត ដោយរួមបញ្ចូលទាំងការកំណត់ដែនសមត្ថកិច្ចរវាងអង្គភាពផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និង ប្រតិបត្តិករឯកជនប្រកបដោយប្រសិទ្ធិភាព។ គម្រោងរយពេលបីឆ្នាំនេះ នឹងរួមចំណែកដល់ការ អនុវត្តនូវគោលនយោបាយទឹកស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអោយគុណភាពជីវិតរបស់ប្រជាជន កម្ពុជាកាន់តែប្រសើឡើង។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា