ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងចំនួន០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០ នាទីរសៀល នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖
- ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានចំនួន១៤០លានដុល្លារ សម្រាប់គម្រោងចំនួន០៤លើ (១)ការធ្វើឱ្យប្រសើរឡើងនូវការការពារ ទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤; (២) ការធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង; (៣)ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២, និង (៤)ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ។
- ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម យូអ៊ីជី ស៊ូហ្គាណូ (Yuichi SUGANO) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន០២ គម្រោង ដែលមានទឹកប្រាក់ចំនួន ១,៥៦២ លានយ៉េន សម្រាប់ការធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងការធ្វើឲ្យប្រសើរឡើងនូវការការពារទឹកជំនន់ ក្នុងទីក្រុងភ្នំពេញ ជំហានទី៤ និង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានៈ ចំនួន០១គំរោង ដែលមានទឹកប្រាក់ចំនួន ១១.១៣៦ លានយ៉េន សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ