សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «ការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃដោយយោធាថៃ ក្រោមការដឹកនាំរបស់លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដោយប្រើអាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងជនស៊ីវិលក្នុងខេត្តចំនួន ៥ និងការបំផ្លាញប្រាសាទបុរាណ។ គ.ស.ម.ក. បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លាប់ ១០ នាក់ របួស ៥០ នាក់ និងជនភៀសសឹកជិត ២០០ ០០០ នាក់ ដោយចាត់ទុកទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. បានប្រកាសថាខ្លួននឹងដាក់ញត្តិទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីស៊ើបអង្កេតដោយឯករាជ្យ និងទាមទារការទទួលខុសត្រូវ ព្រមទាំងទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
