សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ។ ក្រសួងការបរទេសបានជម្រាបជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិអំពីជំហរ និងវិធានការតទៅមុខមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាការពារសមិទ្ធផលដ៏មានតំលៃរបស់ខ្លួន និងក្នុងគោលដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសនយោបាយ លំហរប្រជាធិបតេយ្យ ការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប និងក្នុងស្មារតីបង្រួបបង្រួមជាតិ។ ជំហរ និងវិធានការទាំងនោះរួមមាន៖
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨
- ការលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល លើគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍសង្គម
- ការដាក់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព
- ការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន
- ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ ដើម្បីគ្រប់គ្រងវិស័យដីធ្លីឡើងវិញ ដើម្បីធានាដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់ដីអោយបានត្រឹមត្រូវ ក៏ដូចជាការសម្របសម្រួល និងដោះស្រាយជម្លោះនៅសេសសល់អោយចប់សព្វគ្រប់ចំពោះករណីដីសម្បទានស្ករអំពៅ និងបញ្ហាដីធ្លីដែលនៅសេសសល់ ព្រមទាំងការជម្រុញ និងពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសម្រាប់សហគមជនជាតិភាគតិច ការផ្តល់ដីសម្បទានសង្គមកិច្ច និងដីសម្រាប់ផលិតកម្មដល់ប្រជាជនដែលពុំមានដី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ