សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្កោលទោស​អំពើ​ឈ្លានពាន​ និង​ការ​រំលោភ​អធិបតេយ្យភាព​កម្ពុជា​ ដោយ​ប្រទេស​ថៃ​

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​បំផុត​ចំពោះ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ​លើ​ជន​ស៊ី​វិល​កម្ពុជា​ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ និង​របួស​បី​នាក់​។​ ទ​ង្វើ​ដ៏​ព្រៃផ្សៃ​នេះ​ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ ក៏​ដូច​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​ធម្មនុញ្ញ​អាស៊ាន​។​

​ហេតុការណ៍​ដ៏​សោកសង្រេង​នេះ​បាន​កើតឡើង​ ទោះបីជា​មានការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ និង​យន្តការ​នានា​ដែល​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ក៏​ដោយ​។​ ហេតុការណ៍​នេះ​គឺជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ដែល​កម្ពុជា​បាន​អនុវត្ត​ “​ការ​អត់ធ្មត់​ខ្ពស់​ជា​អតិបរិមា​”​ ចាប់តាំងពី​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៥​ មក​។​ ព្រឹទ្ធសភា​បាន​អះអាង​ពី​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​ព្រមាន​ថា​ រាល់​ការ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ ឬ​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​ នឹង​ត្រូវ​ជួប​ប្រទះ​នូវ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​ និង​ខ្លាំងក្លា​បំផុត​។​

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយក៖ pdf