សេចក្តីថ្លែងការណ៍៖ ផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯក
នៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរួមមួយនៃរបាយការណ៍ថ្មីបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាននៅពេលការអភិវឌ្ឍន៍របស់ឯកជន គំរាមកំហែងធ្វើឱ្យមានការជន់លិចនៅក្នុងរាជធានីភ្នំពេញ។ របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា “ការបាត់បង់បឹងទំពុន៖ ការវាយតម្លៃហេតុប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក” បានរកឃើញថាប្រជាជនកម្ពុជា រាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង(ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើ វិស័យសិទិ្ធមនុស្ស និងបរិស្ថានបានស្ទង់មតិជាមួយនឹងប្រជាពលរដ្ឋចំនួន ៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងនេះ និងទន្លេ។ ជាលទ្ធផល របាយការណ៍បង្ហាញពីផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុង តំបន់បឹងទំពុន ឬជើងឯក ក្នុងផ្ទៃក្រឡាប្រមាណ ១.៥០០ ហិកតា ដែលកំពុងតែជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។
អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)