រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តការរឹតបន្តឹងការធ្វើដំណើរចូលមកកម្ពុជារបស់ជនបរទេសជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស អំពីការបន្តអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរ និងការផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អឺរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា។
- ក្រសួងសុខាភិបាលបានសម្រេចពន្យារសុពលភាពនៃវិធានការក្នុងការផ្អាកមិនឱ្យ ជនបរទេសដែលមកពីប្រទេស បារាំង អាល្លឺម៉ង់ អឺរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមក ព្រះរាជាណាចក្រកម្ពុជា។
- ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំង តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៅទៀត។
- រាល់វិធានការរឹតបន្ដឹងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្ដោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយពីមានការវាយតម្លៃរួមគ្នា រវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ