អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ ឆ្នាំ​ ២០២១

នៅ​ខែធ្នូ​ ឆ្នាំ​ ១៩៩៤​ អង្គការសហប្រជាជាតិ​បាន​សម្រេច​ថា​ ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ជា​រៀង​រាល់​ឆ្នាំ​។​ កាលបរិច្ឆេទ​នេះ​ គឺជា​ថ្ងៃ​នៃ​កិច្ចប្រជុំ​លើក​ដំបូង​របស់​ក្រុមការងារ​អង្គការសហប្រជាជាតិ​ ស្តី​ពី​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ នៅ​ឆ្នាំ​ ១៩៨២​ ។​ ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចែករំលែក​សារ​ របស់​អង្គការសហប្រជាជាតិ​ ស្តី​ពី​ការ​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​។​

ភាសា​ជនជាតិភាគតិច​ មាន​យ៉ាង​ហោច​ណាស់​ ១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ភាសា​ទាំងនោះ​បែង​ចែង​ជា​អំបូរ​ភាសា​ពីរ​ក្រុម​៖​ អំបូរ​អូ​ស្ត្រូ​ណេ​ស៊ា​ន​ ដែល​រួម​មាន​ក្រុម​ចា​រាយ​ និង​អំបូរ​ខ្មែរ​មន​ ដែល​រួម​មាន​ព្រៅ​ គ្រឹ​ង​ ទំពួន​ ព្នង​ និង​កួយ​។​ អានបន្ថែមនៅប្រធាន​បទ ជន​ជាតិ​​ភាគតិច​​ និង​ជនជាតិ​ដើម​ភាគតិច​។

​ប្រធានបទ​នៅ​ឆ្នាំ​ ២០២១​ នេះ​ គឺ​ “​កុំ​ទុក​នរណា​ម្នាក់ចោល​៖​ ជនជាតិ​ដើម​ភាគតិច​ និង​ការ​អំពាវនាវ​ឱ្យ​មាន​កិច្ចសន្យា​សង្គម​ថ្មី​”​។​

កិច្ចសន្យា​សង្គម​ គឺជា​កិច្ចព្រមព្រៀង​ដែល​មិន​បាន​កត់ត្រា​ ដែល​មនុស្ស​បង្កើត​ឡើង​ ក្នុង​ការ​សហការ​គ្នា​ ដើម្បី​ផលប្រយោជន៍​សង្គម​ និង​សេដ្ឋកិច្ច​។​ ជនជាតិ​ដើម​ភាគតិច​មិន​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​កិច្ចសន្យា​សង្គម​នេះ​ទេ​ ហើយ​ថែម​ទាំង​ទទួល​រង​ផល​ប៉ះពាល់​ ដោយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ផង​ដែរ​។​ កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ចំណោម​ប្រជាជន​ឈានមុខ​គេ​តែ​ប៉ុណ្ណោះ​។​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ សង្គម​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងនេះ​ តាម​រយៈ​ការ​សុំ​ទោស​ ការ​ផ្សះផ្សា​ និង​កែទម្រង់​កម្រិត​អន្តរជាតិ​។​ ថ្វី​ត្បិត​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក៏​ដោយ​ មិនមែន​អ្វីៗ​ទាំងអស់​ត្រូវ​បាន​ចាប់ផ្តើម​ ដើម្បី​ធានា​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​នោះ​ឡើយ​។​ កិច្ចសន្យា​សង្គម​ ដោយ​ផ្អែក​លើ​អ្នកចូលរួម​ពិតប្រាកដ​ និង​ភាព​ជា​ដៃគូ​រួម​ទាំង​ជន​ជនជាតិ​ដើម​ភាគតិច​ គឺ​ចាំបាច់​ណាស់​។​

ប្រទេស​កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤​ក្រុម​។

​នៅ​ថ្ងៃ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សូម​អបអរសាទរ​ជនជាតិ​ដើម​ភាគតិច​ និង​បង្ហាញ​ពី​សារៈសំខាន់​ និង​ភាព​ចម្រុះ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។​ អូ​ឌី​ស៊ី​ផ្តល់​នូវ​ប្រភព​ទិន្នន័យ​បើក​ទូលាយ​ ដែល​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ជនជាតិ​ដើម​ភាគតិច​ ពង្រឹង​អំណាច​ដល់​សហគមន៍​ និង​ធ្វើ​ឱ្យ​សំលេង​របស់​ពួក​គេ​មាន​ឥទ្ធិពល​។​

អូ​ឌី​ស៊ី​ បាន​ផ្តល់​ព័ត៌មាន​ អំពី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​ចំនួន​ ២៧​ ជាមួយ​ផែនទី​អន្តរ​កម្ម​ ដើម្បី​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​។​ ព័ត៌មាន​ចំនួន​ ៥៥៦​ ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​គេ​បោះពុម្ពផ្សាយ​ នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ដែល​បាន​លើក​ពី​បញ្ហា​ និង​ការ​អភិវឌ្ឍ​របស់​ជនជាតិ​ដើម​ភាគតិច​។​ ផែនទី​ស្តី​ពី​ តំបន់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​ និង​ស្វ័​យ​អត្តសញ្ញាណ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ពង្រឹង​ការ​យល់​ដឹង​អំពី​សង្គម​ទាក់ទង​នឹង​ប្រធានបទ​នេះ​។​

​អូ​ឌី​ស៊ី​ បាន​បង្កើត​មាតិការ​ជា​ច្រើន​ ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាជន​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​។​ ទំព័រ​ប្រធានបទ​ជនជាតិភាគតិច​ នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ផ្តោត​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ជនជាតិ​ដើម​ភាគតិច​ ច្បាប់​ និង​គោលនយោបាយ​ ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។​ ទំព័រ​ប្រធានបទ​ដី​សមូហភាព ​ កំណត់​អត្តសញ្ញាណ​ទ្រព្យសម្បត្តិ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិរួម​ និង​បញ្ហា​ប្រឈម​ក្នុង​ការ​ការពារ​សិទ្ធិ​សហគមន៍​ជនជាតិ​ដើម​។​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា​តំបន់​ធំៗ​ ដី​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​រង​ផល​ប៉ះពាល់​ ដូច​មាន​រៀបរាប់​នៅ​លើ​ទំព័រ​ប្រធានបទ ការរុករករ៉ែតាមបែបឧស្សាហកម្ម។​

ដើម្បី​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​ សិទ្ធ​របស់​ជនជាតិ​ដើម​ភាគតិច​ និង​តម្រូវការ​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ទិន្នន័យ​របស់​ជនជាតិ​ដើម​ភាគតិច​ គំនិត​ផ្តួចផ្តើម​នៃ​ការ​អភិវឌ្ឍ​ (​អូ​ឌី​អាយ​)​ និង​អូ​ឌី​ស៊ី​ បាន​សហការ​ជាមួយ​អង្គការ​ជនជាតិ​ដើម​កម្ពុជា​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ បកប្រែ​គោលការណ៍​ CARE​ សម្រាប់​ការ​គ្រប់គ្រង​ទិន្នន័យ​ជនជាតិ​ដើម​ជា​ភាសា​ខ្មែរ​។​ អូ​ឌី​ស៊ី​ និង​អង្គការ​ជនជាតិ​ដើម​កម្ពុជា​ ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រមូល​ទិន្នន័យ​ និង​ជំនាញ​អក្ខរកម្ម​ទិន្នន័យ​ ដើម្បី​បង្កើត​ឃ្លាំង​ទិន្នន័យ​កណ្តាល​សម្រាប់​ថ្នាក់​តំបន់​។​ នៅ​ថ្ងៃ​ទី​ ០៣​ ខែមករា​ ឆ្នាំ​ ២០២១​ អូ​ឌី​ស៊ី​ បាន​សហការ​ជាមួយ​អង្គការ​ជនជាតិ​ដើម​កម្ពុជា​ រៀបចំ​សិក្ខាសាលា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ រយៈពេល​កន្លះ​ថ្ងៃ​ ស្តី​ពី​ “​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់កាប់​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​”​។​

ដោយ​អូ​ឌី​ស៊ី​នឹង​បន្ត​ចងក្រង​ និង​បង្កើត​ប្រភព​ទិន្នន័យ​បើក​ចំ​ទូលាយ​ ដែល​អាច​ជឿ​ទុកចិត្ត​បាន​ និង​បច្ចុប្បន្នភាព​ យើង​ចង់​ជម្រុញ​ឱ្យ​មានការ​សហការ​ និង​សកម្មភាព​បន្ថែម​ទៀត​ ដើម្បី​ការពារ​សហគមន៍​ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ សិទ្ធិ​ និង​ការ​រស់នៅ​របស់​ពួក​គេ​។​