វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន“ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានចំនួន ១៤នាក់ (ស្ត្រី ២នាក់) មកពីទីកន្លែងផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ ក្រចេះ សៀមរាប បាត់ដំបង ស្ទឹងត្រែង និងមណ្ឌលគិរី។
ជាមួយនឹងវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” សិក្ខាកាមអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរការរាយការណ៍ព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។
គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ។ តាមរយៈការធ្វើដូច្នេះ ពួកគេនឹងទទួលបានសមត្ថភាពក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿង ដែលទាក់ទាញទស្សនិកជន និងបង្ហាញសាច់រឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកគួរឱ្យទាក់ទាញ និងអាចយល់បានយ៉ាងងាយស្រួល។
វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយនេះផ្តោតសំខាន់អំពីការស្វែងយល់អំពីទិន្នន័យ គោលការណ៍ទស្សនីយកម្មទិន្នន័យ គោលការណ៍រចនាក្រាហ្វ និងសេចក្ដីណែនាំអំពី Datawrapper។ ទោះបីជាមានឧបសគ្គនៃពេលវេលាក៏ដោយ អ្នកសារព័ត៌មានដែលចូលរួមបានបង្ហាញពីការសម្របខ្លួន និងភាពអត់ធ្មត់ដ៏គួរឱ្យកត់សម្គាល់ ដោយពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យដោយជោគជ័យ និងអាចបញ្ចូលវាទៅក្នុងសាច់រឿង។
សិក្ខាកាមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តដ៏សក្តិសមក្នុងការរៀនពីឧបករណ៍ថ្មី និងគំនិតជុំវិញវា។ ការខិតខំប្រឹងប្រែង ធ្វើឱ្យពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យអន្តរកម្មចំនួន ១៤ ផ្សេងៗគ្នាដោយប្រើប្រាស់ Datawrapper។ យើងទទួលស្គាល់ថា ទស្សនីយកម្មរបស់ពួកគេប្រហែលជាមិនទាន់ត្រូវបានចាត់ទុកថាជំនាញនៅឡើយទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញថាពួកគេបានទទួលការយល់ដឹងជាមូលដ្ឋានពីរបៀបបង្កើតទស្សនីយកម្មទិន្នន័យដែលអាចលើកកម្ពស់ខ្លឹមសារអត្ថបទព័ត៌មានរបស់ពួកគេមួយកម្រិតទៀត។
ជាងនេះទៅទៀត ភាគច្រើននៃអ្នកចូលរួមទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែមទៀត នេះបើយោងតាមរបាយការណ៍។ ពួកគេចង់ឱ្យវគ្គបណ្តុះបណ្តាលនេះមានរយៈពេលវែងជាងមុន ហើយនៅតែសាទរចំពោះការបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យ និងវិធីសាស្ត្រធ្វើទស្សនីយកម្មថ្មីៗ។ ចំណាប់អារម្មណ៍ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់នូវខ្លឹមសារព័ត៌មានប្រកបដោយគុណភាពខ្ពស់ដល់សាធារណជន។
គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
វគ្គបណ្តុះបណ្តាលពីមុន៖