សិក្ខាសាលាបណ្តុះបណ្តាលលើកទី១ ស្តីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការកម្មវិធី ផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ (NTFP-EP) បានចាប់ដៃគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី១ ស្តីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ក្រោមកម្មវិធីធនធានរួម ដំណោះស្រាយរួម (SRJS) ដែលគាំទ្រដោយគណៈកម្មាធិការហូឡង់ សម្រាប់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ ការបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២០ និងមានអ្នកចូលរួមចំនួន ២៧ នាក់មកពីខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងរាជធានីភ្នំពេញ។ អ្នកចូលរួមជាតំណាងមន្ទីរកសិកម្ម ជលផលនិងព្រៃឈើ ទេសចរណ៍ និងបរិស្ថានខេត្ត ព្រមទាំងតំណាងមកពីអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអនុវត្តរបស់កម្មវិធីធនធានរួម ដំណោះស្រាយរួម។ កម្មវិធីធនធានរួម ដំណោះស្រាយរួម មានគោលបំណងបង្ហាញឱ្យឃើញពីភាពស៊ីគ្នា និងការអនុវត្តន៍គោលនយោបាយឱ្យល្អប្រសើរទាក់ទងទៅនឹងការគ្រប់គ្រងនៃ International Public Goods (IPGs) - ជីវចម្រុះ ទឹកនិងសន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ។
តើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)ជាអ្វី? ហេតុអ្វីបានជាវាមានសារៈសំខាន់?
ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) គឺជាឧបករណ៍ជឿនលឿនមួយដែលត្រូវបានប្រើ ដើម្បីរួមបញ្ចូលការគិតគូរពីបរិស្ថាន និងសង្គមទៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធីសំខាន់ៗ។ ទោះបីជាវាទើបតែត្រូវបានណែនាំនាពេលថ្មីៗនេះក៏ដោយ ក៏វាបានបង្ហាញពីតម្លៃបន្ថែមលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដែលត្រូវបានអនុវត្ត និងត្រូវបានគេស្គាល់ជាទូទៅ។ ទាំងឧបករណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាបំពេញគ្នាទៅវិញទៅមក។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ផ្តោតលើកម្រិតគម្រោង ខណៈពេលដែល ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ផ្តោតទៅលើគោលនយោបាយ កម្មវិធី និងផែនការ។ ការកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធនានាលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការជូនដំណឹងអំពីផែនការយុទ្ធសាស្ត្រ ការសំរេចចិត្ត និងគំនិតផ្តួចផ្តើមថ្មីៗលើបញ្ហាបរិស្ថាន និងសង្គម។
បណ្តាប្រទេសនៅតាមអាងទន្លេមេគង្គមានទីតាំងភូមិសាស្ត្រប្រហាក់ប្រហែលគ្នាដែលរួមមានដីទំនាបទាប និងដីមានជីជាតិនៅតាមតំបន់ទំនាបលិចទឹកនៃទន្លេមេគង្គ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រទេសទាំងនោះតាមរយៈសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ តំបន់ជុំវិញទន្លេមេគង្គបង្កើតជាតំបន់ទេសភាពព្រៃលិចទឹកមេគង្គ (MFF) ដែលលាតសន្ធឹងពីខេត្តក្រចេះ នៃប្រទេសកម្ពុជារហូតដល់ព្រំដែនប្រទេសឡាវ។ តំបន់ទេសភាពព្រៃលិចទឹកមេគង្គ ជាកន្លែងមានជីវចម្រុះ និងសំបូរបែបរួមទាំងប្រភេទត្រីផ្សោត បក្សីដែលជិតផុតពូជ និងរំពេទន្លេ។ ក្រៅពីនេះ ទន្លេមានសារសំខាន់សម្រាប់ជីវភាពរស់នៅរបស់មនុស្សជាច្រើន និងជាពិសេសក្រុមជនជាតិដើមភាគតិច។
ទោះបីជាយ៉ាងណា បច្ចុប្បន្នព្រៃលិចទឹកកំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារការអភិវឌ្ឍសេដ្ឋកិច្ចដែលគ្មានផែនការសមស្រប និងការគ្រប់គ្រងដីធ្លីមិនបានល្អ ជាមួយនឹងការកើនឡើងនូវសម្បទានដីសេដ្ឋកិច្ច (ELCs) និងការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំដូចជា ទំនប់វារីអគ្គិសនី សកម្មភាពជីកយករ៉ែ និងការនេសាទហួសប្រមាណ។ ការបាត់បង់ព្រៃឈើយ៉ាងខ្លាំង ការហូរច្រោះ និងការបំពុលទឹកកំពុងធ្វើឱ្យមានការរិចរិលនៃប្រព័ន្ធអេកូឡូស៊ី និងមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខុមាលភាពរបស់ប្រជាជន និងក្រុមជនជាតិដើមភាគតិច។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រអាចចូលរួមចំណែកក្នុងការនាំមកនូវការយល់ដឹងទូលំទូលាយអំពីបញ្ហាទាំងនេះ និងការលើកកម្ពស់ការសម្រេចចិត្តដែលមានតុល្យភាព អនុកល និងរយៈពេលវែង។
ស្ថិតក្នុងចំណោមស្ថានភាពនេះ ទោះបីជាកម្ពុជានៅតែត្រូវការការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងគោលនយោបាយស្តីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក៏ដូចជាធនធានមនុស្ស និងសមត្ថភាពស្ថាប័នដើម្បីអនុវត្តវាក៏ដោយ ក៏ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ នឹងត្រូវបញ្ចូលទៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសកម្ពុជាដែលកំពុងត្រូវបានព្រាង។ ដូច្នេះ ការបណ្តុះបណ្តាលនេះបានបង្កើនការយល់ដឹងអំពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការគ្រប់គ្រងវានៅថ្នាក់ក្រោមជាតិ និងដើម្បីផ្តល់នូវជំនាញចាំបាច់ដើម្បីអនុវត្តឧបករណ៍ក្នុងការធ្វើផែនការប្រើប្រាស់ដីធ្លី។
ការបណ្តុះបណ្តាល
លោក ស៊ីម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជារបស់អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ បានធ្វើការបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ តាមរយៈការថ្លែងសុន្ទរកថា ដោយពន្យល់ពីសារៈសំខាន់នៃការត្រៀមខ្លួនដើម្បីដោះស្រាយការអភិវឌ្ឍនាពេលខាងមុខនេះនៅជុំវិញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ លោក ពេញ សុជាតិ អតីតនិស្សិតវគ្គសិក្សាការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ បានសង្កត់ធ្ងន់ថា ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រចាំបាច់ត្រូវបានណែនាំនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តជំហានដំបូង និងមានន័យថា ដើម្បីរួមបញ្ចូលការពិចារណាបរិស្ថានទៅក្នុងការសម្រេចចិត្ត។
បទបង្ហាញនៅក្នុងសិក្ខាសាលាក៏មានការបង្ហាញពីវិធីសាស្ត្រជាក់ស្តែងផងដែរ។ លោកស្រី Leyla Özay លេខាធិការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃបរិស្ថានហូឡង់បានធ្វើបទបង្ហាញស្តីពី ការប្រើប្រាស់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការធ្វើផែនការប្រើប្រាស់ដីធ្លីនៅតំបន់ហ្សំប៊ីហ្សីនៃប្រទេសណាមីបៀ និងពន្យល់ពីតួនាទីរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នានៅតាមដំណាក់កាលអនុវត្តន៍។ លោកស្រី កុល លក្ខិណា អតីតនិស្សិតវគ្គសិក្សាការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ បានបង្ហាញពីគោលការណ៍នៃការអនុវត្ត និងជំហានបន្ទាប់ដើម្បីធ្វើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ជាចុងក្រោយលោក ធី ទ្រី អតីតនិស្សិតវគ្គសិក្សាការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងជានាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានគូសបញ្ជាក់នូវវិធីសាស្ត្រ ៣ ផ្សេងគ្នាដើម្បីអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រទៅនឹងគោលនយោបាយ ផែនការ និងកម្មវិធី (PPP)។ វិធីសាស្ត្រទាំងបីរួមមានការធ្វើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ១) ក្នុងក្រុមទន្ទឹមគ្នា ដែលក្រមមួយសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងក្រុមមួយទៀតសម្រាប់ PPP។ ២) ក្នុងក្រុមទន្ទឹមគ្នាគ្នា ប៉ុន្តែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និង ៣) នៅក្នុងក្រុមតែមួយដែលមានអ្នកទទួលបន្ទុកការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និង អ្នកទទួលបន្ទុកPPP ធ្វើការជាមួយគ្នា ហើយនេះជាជម្រើសដែលគេចូលចិត្តប្រើបំផុត។
នៅថ្ងៃទី២ អ្នកចូលរួមបានស្វែងយល់អំពី SCREENING និងពិធីការ UNECE ក្នុងអំឡុងពេលបទបង្ហាញរបស់លោក ពេញ សុជាតិ និងអំពី SCOPING នៅក្នុងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងសុន្ទរកថារបស់លោកស្រី Leyla។ យោងតាមការពិភាក្សាជាបន្តបន្ទាប់ អ្នកចូលរួមបានរកឃើញថា មានការយល់ច្រលំជាទូទៅថា ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រត្រូវបានគេគិតថា ជាឧបករណ៍មួយដែលប្រើប្រាស់ដោយរដ្ឋាភិបាលថ្នាក់ជាតិ។ ទោះបីអាជ្ញាធរថ្នាក់ក្រោមជាតិចាំបាច់ត្រូវរៀន និងអភិវឌ្ឍសមត្ថភាពលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក៏ដោយ ក៏ពួកគេនៅតែអាចអនុវត្តឧបករណ៍នេះនៅតាមតំបន់ដែលពួកគេមានអាណត្តិសម្រាប់ការធ្វើផែនការ និងការធ្វើសេចក្តីសម្រេចចិត្ត។ អង្គការសង្គមស៊ីវិលដែលចូលរួមបានបង្ហាញការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការគាំទ្រដល់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនៅក្នុងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ តាមរយៈការចែករំលែកទិន្នន័យ និងជំនាញបច្ចេកទេសជាដើម។
សិក្ខាសាលានេះគឺជាការបណ្តុះបណ្តាលដែលមានការចូលរួមយ៉ាងខ្លាំង ដែលរាប់បញ្ចូលទាំងការចូលរួមយ៉ាងសកម្មពីអ្នកចូលរួម។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យនិយាយនៅក្នុងការពិភាក្សា ហើយមានពេលជាច្រើនដើម្បីធ្វើការងារជាក្រុម និងផ្លាស់ប្តូរយោបល់ជាមួយអ្នកចូលរួមផ្សេងទៀត។ តាមរយៈការពិភាក្សាជាក្រុមផ្សេងៗគ្នា អ្នកចូលរួមបានចែករំលែកគំនិតរបស់ពួកគេអំពីភាពពេញលេញនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ យុទ្ធសាស្ត្រដែលអាចគាំទ្រដល់ការអនុវត្ត យន្ដការដើម្បីរួមបញ្ចូលការគិតគូរពីសង្គម និងបរិស្ថានក្នុងការធ្វើផែនការ។ អ្នកចូលរួមក៏បានកំណត់ និងបង្ហាញនូវបញ្ហាដែលប្រឈមនៅក្នុងខេត្តទាំងបួនដែលតំណាង និងស្នើដំណោះស្រាយដែលមានសក្តានុពល។ ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកចូលរួមបានបង្កើនចំណេះដឹង ពង្រឹងទំនាក់ទំនង និងលើកឡើងពីកង្វល់ និងបញ្ហាប្រឈមសំខាន់ៗដែលត្រូវពិចារណាក្នុងដំណើរការនៃការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា។
ដំបូងឡើយ អ្នកសម្របសម្រួល និងអ្នកចូលរួមក្នុងសិក្ខាសាលាការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គ្រោងនឹងរៀបចំសិក្ខាសាលាចុងក្រោយនៅសប្តាហ៍ទី១ នៃខែឧសភា ប៉ុន្តែដោយសារជំងឺរាតត្បាត កូវីដ-១៩ សិក្ខាសាលានេះត្រូវបានពន្យារពេល ហើយនឹងត្រូវរៀបចំឡើងវិញនៅចន្លោះខែមិថុនា និងខែកញ្ញា ឆ្នាំ២០២០។ អ្នករៀបចំកម្មវិធីសូមថ្លែងអំណរគុណដល់គណៈកម្មាធិការហូឡង់ សម្រាប់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ព្រោះបើគ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុទេ កម្មវិធីបណ្តុះបណ្តាលនេះក៏មិនអាចប្រព្រឹត្តទៅបានដែរ។