ទំនប់​វា​រី​អគ្គិសនី​

នៅ​ក្នុង​ឆ្នាំ​ ២០០៣​ ការ​វាយតម្លៃ​វិស័យ​វា​រី​អគ្គិសនី​ថ្នាក់​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ (បច្ចុប្បន្នជា ក្រសួង​រ៉ែ និងថាមពល) និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ (CNMC)​។​ របាយការណ៍​នេះ​ បាន​កំណត់​ទីតាំង​ដែល​មាន​សក្តានុពល​ចំនួន​ ៦០​កន្លែង​ សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​ប៉ាន់ស្មាន​ពី​សក្តានុពល​ផលិត​ថាមពល​សរុប​ទូ​ទាំង​ប្រទេស​ប្រមាណ​ ១០,០០០​ មេ​ហ្គា​វ៉ា​ត់​ ដែល​ក្នុង​នោះ​ ៥០​ ភាគរយ​ គឺ​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ ៤០​ ភាគរយ​ នៅ​តាម​ដៃទន្លេ​មេគង្គ​ និង​ ១០​ ភាគរយ​ នៅ​ភាគ​និរតី​ខាងក្រៅ​អាង​ទន្លេមេគង្គ​។1 នៅ​ដើមឆ្នាំ​ ២០១៩​ ប្រទេស​កម្ពុជា​មិន​បាន​សាងសង់​ទំនប់​ណាមួយ​ នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ទេ​។​

Dam under construction. Photograph by Axel Drainville. Licensed under Attribution-NonCommercial 2.0 Generic.

ទំនប់វារីអគ្គិសនីកំពុងសាងសង់។ រូបភាព ថតដោយ Axel Drainville, ២៦ មេសា ២០១១។ ក្រោមអាជ្ញាប័ណ្ណ​ CC BY-NC 2.0

ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍទំនប់វារីអគ្គីសនី

ថាមពល​អគ្គិសនី​ដែល​ផលិត​ចេញពី​ទំនប់​វា​រី​អគ្គិសនី​ កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ជា​ឧទាហរណ៍​ ក្នុង​ឆ្នាំ​២០១១​ ថាមពល​អគ្គិសនី​ដែល​ផលិត​ចេញពី​ប្រភព​ថាមពល​នេះ​មាន​ត្រឹមតែ​ ៥១,៥​ ជី​ហ្គា​វ៉ា​ត់​ម៉ោង2 ហើយ​នៅ​ត្រឹម​ឆ្នាំ​២០១៦​ ការ​ផលិត​បាន​កើនឡើង​ជិត​ ៥០​ដង​ ដែល​ស្មើនឹង​ ២៥៦៧,៩​ ជី​ហ្គា​វ៉ា​ត់​ម៉ោង​ ដោយសារ​តែ​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​បាន​ចាប់ផ្ដើម​ដំណើរការ​។​3

​ទំនប់​វា​រី​អគ្គិសនី​ដែល​កំពុង​ដំណើរការ​រួម​មាន​៖4

  • ទំនប់​វា​រី​អគ្គិសនី​ គី​រី​រម្យ​១​ (១២​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​
  • ទំនប់​វា​រី​អគ្គិសនី​ កំចាយ​ (១៩៣​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកំពត​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១១
  • ទំនប់​វា​រី​អគ្គិសនី​ គី​រី​រម្យ​៣​ (១៨​ មេ​ហ្គា​វ៉ា​ត់​)​ បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១៣
  • ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​អា​តៃ​ (១២០​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១៣
  • ​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ (៣៣៨​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១៤
  • ​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​តា​តៃ​ (២៤៦​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១៤​។​
  • ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ (៤០០​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​ បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០១៨​។​

ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ​ត្រូវ​បាន​ភ្ជាប់​ទៅ​បណ្តាញ​អគ្គិសនី​ជាតិ​។​ ក៏​មាន​រោងចក្រ​វា​រី​អគ្គិសនី​នៅ​ខេត្តរតនគិរី​ និង​មួយទៀត​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី​ នៅ​រតនគិរី​ និង​មណ្ឌលគិរី​របស់​អគ្គិសនី​កម្ពុជា​។​5

ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ត្រូវ​បាន​សាងសង់​ក្រោម​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចិន​ Hydrolancang​ International​ Energy​ (៥១​ ភាគរយ​)​ ក្រុមហ៊ុន​កម្ពុជា​ រ៉ូ​យ៉ា​ល់​គ្រុប​ (៣៩​ ភាគរយ​)​ និង​ក្រុមហ៊ុន​វៀតណាម​ Vietnam​ Electricity​ (EVN)​ (១០​ ភាគរយ​)​។6 ទំនប់​វា​រី​អគ្គិសនី​នេះ​ត្រូវ​បាន​សាងសង់​ក្រោម​កិច្ចសន្យា​សាងសង់​-​អាជីវកម្ម​-​និង​ផ្ទេរ​ (​ស​.​អ​.​ផ​)​ មាន​រយៈពេល​សម្បទាន​ ៤៥​ ឆ្នាំ​។​ នៅ​ដើមឆ្នាំ​ ២០១៦​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​ ដែល​ដឹកនាំ​ដោយ​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ស៊ុ​យ​ សែ​ម​ ដើម្បី​ដោះស្រាយ​បញ្ហា​សំណង​ និង​ការ​តាំងទី​លំនៅ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​ ១០០០​គ្រួសារ​ ដែល​ផ្លាស់​ទីលំនៅ​ ដោយសារ​ទំនប់​នេះ​។​ គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ជា​ច្រើន​បាន​ច្រានចោល​កញ្ចប់​សំណង​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​លំនៅ​ដ្ឋា​ន​ទំហំ​ ៨០​ ម៉ែត្រការ៉េ​ និង​ដី​ដាំ​ដុះ​ចំនួន​ ៥​ ហិ​កតា​ ដោយ​មិន​គិត​ពី​តម្លៃ​អចលនទ្រព្យ​ចាស់​របស់​ពួក​គេ​។7

20539716660_787efc8da3_k

ទំនប់វារីអគ្គីសនី សេសានក្រោម២។ រូបភាព ថតដោយ Prachatai, ២៤ មិថុនា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

គម្រោង​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​តំបន់​ភាគ​ឦសាន​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សិក្សា​បុ​រេ​លទ្ធភាព​មាន​ដូច​ជា​ ទន្លេសេសាន​ក្រោម​ ៣,​ ទន្លេសេសាន​ក្រោម​ ១/៥,​ ទន្លេស្រែពក​ ៣​ និង​ ៤​ និង​ព្រែក​លាំង​ ១​ និង​ ២​។​

​ចំណែក​តំបន់​ភាគ​អាគ្នេយ៍​ ទំនប់​ស្ទឹង​ជាយ​អា​រ៉ែ​ង​ក៏​ត្រូវ​បាន​សិក្សា​ដែរ​។8 យ៉ាងណា​ក៏​ដោយ​ សំណើ​សម្រាប់​ទំនប់​វា​រី​អគ្គិសនី​នៅ​ជ្រលង​អា​រ៉ែ​ង​ ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ដោយ​អ្នក​បរិស្ថាន​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​តំបន់​នេះ​។​ សំណើ​នេះ​ត្រូវ​បាន​លុប​ចោល​ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​និយាយ​ថា​រោងចក្រ​ធ្យូងថ្ម​ថ្មី​មួយ​នឹង​ត្រូវ​បាន​សាងសង់​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ជំនួស​វិញ​។9

ក្រៅពី​នេះ​ ទំនប់​ធំៗ​ពីរ​ កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​តាម​ដង​ទន្លេមេគង្គ​ មាន​ដូច​ជា​ សំបូរ​ (៤៦៥​ មេ​ហ្គា​វ៉ា​ត់​)​ និង​ស្ទឹង​ត្រែង​ (៩៨០​ មេ​ហ្គា​វ៉ា​ត់​)​។​ យ៉ាងនេះ​ក្តី​ មាន​ភាព​ចម្រូងចម្រាស់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេ​នេះ​។​

ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិសម្រាប់ទំនប់វារីអគ្គិសនី

​ក្រសួង​សំខាន់​ដែល​ទទួលខុសត្រូវ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទំនប់​វា​រី​អគ្គិសនី​កម្ពុជា​ គឺ​ក្រសួង​រ៉ែ​ និង​ថាមពល​ (​អតីត​ជា​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​។10 ចំណែកឯ​ អគ្គិសនី​កម្ពុជា​ (EdC)​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​រដ្ឋ​ ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​វិស័យ​អគ្គិសនី​ប្រចាំ​ថ្ងៃ​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC)​ ទទួលខុសត្រូវ​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ និង​បញ្ជូន​ថាមពល​អគ្គិសនី​។11

បច្ចុប្បន្ន​នេះ​ មិន​មានច្បាប់​ស្តី​ពី​វា​រី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ទោះបីជា​មានច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ និង​ប្រតិបត្តិការ​គម្រោង​ទាំងនោះ​ក៏​ដោយ​ រួម​ទាំង​ច្បាប់​ដែល​ទាក់ទង​នឹង​ការ​វិនិយោគ​ អគ្គិសនី​ ដីធ្លី​ ព្រៃឈើ​ ធនធានទឹក​ និង​បរិស្ថាន​ជាដើម​។​

​ជំហាន​ដំបូង​នៅ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ គឺ​ត្រូវធ្វើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​រ៉ែ​ និង​ថាមពល​ ដើម្បី​រៀបចំ​ និង​ធ្វើការ​សិក្សា​បុ​រេ​លទ្ធភាព​គម្រោង​ ដែល​តាម​ធម្មតា​អាច​ចំណាយពេល​ពី​ មួយ​ឆ្នាំ​ ទៅ​ពីរ​ឆ្នាំ​ ដើម្បី​បញ្ចប់​។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​បុ​រេ​លទ្ធភាព​ ក្រុមហ៊ុន​អាច​ធ្វើការ​ពិភាក្សា​ជា​បន្ត​ទៀត​ជាមួយនឹង​ក្រសួង​រ៉ែ​ និង​ថាមពល​អំពី​ការ​អភិវឌ្ឍ​គម្រោង​។12

គ្រប់​គម្រោង​ទាំងអស់​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​លើស​ពី​ ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​រាល់​គម្រោង​ BOT​ ទាំងអស់​ ត្រូវ​តែ​អនុម័ត​ដោយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)13 ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តីសម្រេច​ខ្ពស់​បំផុត​ សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​ និង​សាធារណៈ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​14 ក្រៅពី​នេះ​ នៅ​ក្រោម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ រាល់​គម្រោង​វា​រី​អគ្គិសនី​ទាំងអស់​ តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​ទឹក​ ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។15

​រាល់​គម្រោង​វា​រី​អគ្គិសនី​ទាំងអស់​ ត្រូវ​តែ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មុន​ពេល​ដែល​គម្រោង​ទាំងនោះ​ត្រូវ​បាន​អនុម័ត​16 ហើយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គប្បី​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​អនុលោម​ទៅ​តាម​នីតិវិធី​ ដែល​បាន​កំណត់​ដោយ​ក្រសួងបរិស្ថាន​។​17 លទ្ធផល​ ដែល​ទទួល​បាន​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នោះ​ គប្បី​ត្រូវ​បាន​យក​មក​ពិចារណា​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​ ថា​តើ​ត្រូវ​ផ្តល់​ការ​អនុម័ត​ដល់​គម្រោង​ ឬ​យ៉ាងណា​។​

និន្នាការ​ដែល​កំពុងលេចរូបរាងឡើង

ដោយហេតុ​ថា​វិស័យ​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​នៅឡើយ​នោះ​ គេ​មិន​ប្រាកដ​ថា​ តើ​និន្នាការ​អ្វី​នឹង​កើត​មាន​ឡើង​ទេ​។​ ដូច​គ្នា​នេះ​ដែរ​ យើង​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ អត្ថប្រយោជន៍​នឹង​ត្រូវ​សម្រេច​បាន​ឬ​អត់​ នឹង​ត្រូវ​សម្រេច​បាន​ដោយ​របៀប​ណា​ ហើយ​តើ​ផល​ប៉ះពាល់​របស់​វា​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​គ្រប់គ្រាន់​ដែរ​ឬ​អត់​។​

​ជា​ការ​ពិត​ណាស់​ គម្រោង​វា​រី​អគ្គិសនី​ខ្នាត​ធំៗ​ភាគច្រើន​ អាច​ធ្វើ​អោយ​មានការ​ជន់​លិច​ធំ​។​ ឧទាហរណ៍​៖​ គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នឹង​ធ្វើ​អោយ​មានការ​ជន់​លិច​ ផ្ទៃដី​ជាង​ ៣៤០​ គីឡូ​ម៉ែត្រការ៉េ​។​ ទីតាំង​គម្រោង​ដែល​ត្រូវ​បាន​ស្នើ​សុំ​ ភាគច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ដែល​មាន​ជីវៈចម្រុះ​សំបូរ​បែប​ និង​ប្រព័ន្ធ​បរិស្ថាន​ងាយ​ប្រែប្រួល​ ដែល​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ពី​ការ​អភិវឌ្ឍ​លក្ខណៈ​បែប​នេះ​។​ ផល​ប៉ះពាល់​ទៅ​លើ​ការ​បន្លាស់​ទី​របស់​ត្រី​ និង​លទ្ធភាព​ប្រើប្រាស់​ផលិតផល​ព្រៃឈើ​ គម្រាមកំហែង​ដល់​ជីវភាព​របស់​ប្រជាជន​មូលដ្ឋាន​ ក៏​ដូច​ជា​ការ​ជន់​លិច​លើ​ផ្ទៃដី​កសិកម្ម​ និង​ដី​សម្រាប់​លំនៅ​ដ្ឋា​ន​។​

ការ​សិក្សា​ក្រុមប្រឹក្សា​មួយ​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​ បាន​រក​ឃើញ​ផល​ប៉ះពាល់​ដ៏​ធំ​មួយ​ដែល​អាច​កើត​មាន​ទៅ​លើ​សន្តិសុខ​ស្បៀង​ នៅ​កម្ពុជា​ដែល​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​ទំនប់​។18 សេណា​រី​យោ​ជាមួយនឹង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ពេញលេញ​បាន​ព្យាករណ៍​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ជលផល​រហូត​ដល់​ទៅ​ ៧០​ ភាគរយ​ នៅ​ក្នុង​អាង​ទន្លេមេគង្គ​។​ សម្រាប់​កម្ពុជា​ ការ​ខាតបង់​ GDP​ ប្រចាំឆ្នាំ​ ត្រូវ​បាន​ព្យាករណ៍​ថា​ មាន​ទំហំ​ចាប់ពី​ ៣​ ទៅ​ ៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្រោម​សេណា​រី​យោ​រហូត​ដល់​ឆ្នាំ​២០៤០​។19 បើ​តាម​លោក​ ណៅ​ ធួ​ក​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា​ការ​ព្យាករ​ដោយ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​គឺ​ធ្លាក់​ចុះ​ពី​ ១៦​ ទៅ​ ៣០​ ភាគរយ​ចំពោះ​ជីវម៉ាស់​ត្រី​។​

​គម្រោង​វា​រី​អគ្គិសនី​ខ្នាត​ធំ​ នឹង​បង្ក​អោយ​មាននូវ​ផល​ប៉ះពាល់​ ដោយ​ចៀស​មិន​ផុត​ទៅ​លើ​បរិស្ថាន​។​ អាស្រ័យ​ហេតុនេះ​ គម្រោង​បែប​នេះ​ ត្រូវ​តែ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ អោយ​បាន​ត្រឹមត្រូវ​ ហើយ​ប្រសិនបើ​ត្រូវ​បាន​អនុម័ត​នោះ​ គម្រោង​បែប​នេះ​ ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​សម​ស្រប​ជា​ស្រេច​ ដើម្បី​កាត់​បន្ថយ​នូវ​រាល់​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​។​​

ការរំពឹងទុកសម្រាប់ពេលអនាគត

​វិស័យ​ថាមពល​របស់​ប្រទេស​កម្ពុជា​ ត្រូវការ​ការ​អភិវឌ្ឍ​យ៉ាងច្រើន​ ទាំង​ការ​ផលិត​ និង​ការ​បញ្ជូន​ថាមពល​ ដើម្បី​បំពេញតម្រូវការ​កាន់តែ​ច្រើន​ឡើងៗ​ របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ និង​ដើម្បី​ផ្តល់​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​ស្ថេ​រ​ភាព​ និង​មាន​តម្លៃ​សមរម្យ​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគទុន​ដែល​មាន​សក្តានុពល​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​មើលឃើញ​វា​រី​អគ្គិសនី​ ថា​ជា​ផ្នែក​អាទិភាព​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​ថាមពល​។​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ វិនិយោគិន​ និង​អ្នក​អភិវឌ្ឍន៍​មក​ពី​ប្រទេស​ចិន​ វៀតណាម​ កូរ៉េ​ រុ​ស្ស៊ី​ កា​ណា​ដា​ និង​ជប៉ុន​ បាន​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​។​

ស្រប​ពេល​ដែល​ការ​អភិវឌ្ឍ​វិស័យ​វា​រី​អគ្គិសនី​ កំពុង​មានដំណើរ​ការ​ស្ទុះ​ទៅ​មុខ​នោះ​ ក្តី​បារម្ភ​នានា​ ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​សង្គម​ស៊ី​វិល​ និង​សហគមន៍​ជា​ច្រើន​ ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​គម្រោង​វា​រី​អគ្គិសនី​ ថា​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​គម្រោង​ មិន​ទាន់​មានការ​យកចិត្តទុកដាក់​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ ហើយ​ការពិគ្រោះ​យោបល់​សាធារណៈ​ ក៏​មិន​បាន​ធ្វើ​ឡើង​អោយ​បាន​គ្រប់គ្រាន់​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​មានគុណ​ភាព​ខ្ពស់​ និង​ការ​ធ្វើ​សេចក្តីសម្រេច​ដោយ​បើកចំហ​ គឺជា​ប្រការ​ដ៏​សំខាន់​ ដើម្បី​ធានា​ថា​វិស័យ​វា​រី​អគ្គិសនី​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ទៅ​តាម​វិធី​ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​ច្រើន​បំផុត​ ខណៈ​ដែល​ការ​ទាញ​យក​អត្ថប្រយោជន៍​បាន​អតិបរមា​ សម្រាប់​ប្រទេស​កម្ពុជា​ និង​វិនិយោគិន​របស់​ខ្លួន​។​

បានធ្វើបច្ចុប្បន្នភាព៖ ២៧​ កុម្ភៈ​ ២០១៩

ទាក់ទងនឹងទំនប់វារីអគ្គីសនី

ឯកសារយោង

  • 1. ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ (​រៀបចំ​ដោយ​ ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​។​ ការ​វាយតម្លៃ​វិស័យ​អគ្គិសនី​ថ្នាក់​ជាតិ​ឆ្នាំ​ ២០០៣៖​ ថាមពល​វា​រី​អគ្គិសនី​ ខែមិថុនា​ ឆ្នាំ​២០០៣​ (​ទំព័រ​ ៥,​ ៨-៩)​។
  • 2. ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ឆ្នាំ​ ២០១២​។​ របាយការណ៍​វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញផ្សាយ​ឆ្នាំ​ ២០១២​។​ https://www.eac.gov.kh/site/annualreport?lang=en​ ចូល​អាន​ថ្ងៃ​ទី​២៤​ ខែ​មី​នា​ ឆ្នាំ​២០១៨​។
  • 3. អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ឆ្នាំ​ ២០១៧​។​ របាយការណ៍​វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញផ្សាយ​ឆ្នាំ​ ២០១៧​។​ https://www.eac.gov.kh/site/annualreport?lang=en​ ចូល​អាន​ថ្ងៃ​ទី​២៤​ ខែ​មី​នា​ ឆ្នាំ​២០១៨​។​
  • 4. ដូចលេខយោង​ខាងលើ
  • 5. អាជ្ញាធរ​អគ្គិសនី​កម្ពុជា​,​ របាយការណ៍​វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទិន្នន័យ​សម្រាប់​ឆ្នាំ​ ២០១៤​។​ https://eac.gov.kh/site/viewfile?param=annual_report%2Fkhmer%2FAnnual-Report-2014-kh.pdf​ ចូល​អាន​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​។
  • 6. សំណង់​ និង​អចលនទ្រព្យ​ ឆ្នាំ​២០១៨​។​”​ពិធី​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២”,​ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ https://www.construction-property.com/read-news-1549/​ ចូល​អាន​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​។
  • 7. ឡាយ​ សា​មាន​ ឆ្នាំ​២០១៦​។​ “​ក្រសួង​រ៉ែ​បង្កើត​ក្រុម​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​”,​ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​,​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​។​ https://bit.ly/2URqlkB​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​។
  • 8. ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​,​ របាយការណ៍​វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទិន្នន័យ​សម្រាប់​ឆ្នាំ​ ២០១៤​។​ https://opendevelopmentcambodia.net/dataset/?id=report-on-power-sector-of-the-kingdom-of-cambodia-2015-edition​ ចូល​អាន​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​។
  • 9. ​ម៉ៃ​ គុណ​មក​រា​,​ ២០១៧​។​ “​ក្រុមហ៊ុន​Toshba​ នឹង​សាងសង់​រោងចក្រ​ធ្យូងថ្ម​”,​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​។
  • 10. ច្បាប់​ស្តី​ពី​អគ្គិសនី​,​ ឆ្នាំ​២០០១​។​ មាត្រា​៣​។
  • 11. ដូចលេខយោង​ខាងលើ
  • 12. Middleton,​ C​។​ ការ​អភិវឌ្ឍ​នៃ​វា​រី​អគ្គិសនី​របស់​កម្ពុជា​ និង​ការ​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​។​ អង្គការ​ទន្លេ​អន្តរជាតិ​ និង​អង្គការ​សម្ព័ន្ធ​ទន្លេ​នៅ​កម្ពុជា​។​ ភ្នំពេញ​,​ មក​រា​ ឆ្នាំ​ ២០០៨​។
  • 13. អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​ ឆ្នាំ​ ១៩៩៥​។​ មាត្រា​៩​។​
  • 14. ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​ ១៩៩៤,​ មាត្រា​១​។​
  • 15. ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ ឆ្នាំ​ ២០០៧,​ មាត្រា​១២​។​
  • 16. ច្បាប់​ស្តី​ពី​កិច្ចការពារបរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ឆ្នាំ​ ១៩៩៦,​ មាត្រា​៦​ និង​អនុក្រឹត្យ​ស្តី​ពី​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ឆ្នាំ​ ១៩៩៩,​ ឧ​ប​សម្ព័ន្ធ​។​​
  • 17. ​ប្រកាស​ស្តី​ពី​គោលការណ៍​ណែនាំ​ទូទៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ និង​ពេញលេញ​ ឆ្នាំ​ ២០០៩​។
  • 18. Alessandro​ Malazzi​ Sassoon​ ឆ្នាំ​២០១៧,​ “MRC៖​ ការ​សង់​ទំនប់​វា​រី​អគ្គិសនី​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​”,​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ http://www.phnompenhpost.com/national/cambodias-fisheries-risk-due-hydropower-development-mekong-mrc-warns​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៧។
  • 19. ​ដូច​លេខ​យោង​ខាងលើ។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hRjcW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!