ការបំពុលទឹក

Young child drinks clean water in Cambodia. Photo by Cecilia Snyder, taken on 12 July 2003. Licensed under  CC BY-NC-ND 2.0

កុមារផឹកទឹកស្អាត នៅប្រទេសកម្ពុជា។ រូបភាព ថតដោត សេស៊ីលា ស្នាយឌឺ, ១២ កក្កដា ២០០៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការ​បំពុល​ទឹក ​អាច​ត្រូវ​បាន​គេ​ឱ្យ​និយម​ន័យច្រើនយ៉ាង​ផ្សេងៗ​ពីគ្នា​។​ ជាទូទៅ ការ​បំពុល​ទឹក​ គឺជា​ការ​ធ្វើ​ឱ្យ​កង្វក់ដល់​ទឹក ​នៅ​ពេល​ដែល​សារធាតុបំពុល​នានា​បាន​ហូរចូលទៅ​ក្នុង​ប្រភពទឹក​ដោយ​មិនបានឆ្លងកាត់​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​ (​ដក​យក​សារធាតុបំពុល​ចេញ​)​។​ ការ​បំពុល​ទឹក​ភាគច្រើន​ គឺ​បណ្តាល​មក​ពីសំណល់ពី​រោងចក្រ​ឧស្សាហកម្ម​ កសិកម្ម​ និង​​តាម​ផ្ទះ ​ដែល​ផ្តល់ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​មនុស្ស​ និង​សត្វ​ ក៏​ដូច​ជា​គុណភាព​បរិស្ថាន​នៃ​ប្រភពទឹក​ទាំងមូល​។

​នៅ​ប្រទេស​កម្ពុជា​ លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ និង​មាន​សុវត្ថិភាព​ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​ ជា​ពិសេស​សម្រាប់​គ្រួសារ​នៅ​តាម​ទី​ជនបទ​ ពីព្រោះ​ការ​ផ្តល់សេវា​​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកនានា​ នៅ​មាន​កម្រិត​នៅឡើយ​ សម្រាប់​តំបន់​នៅ​ក្រៅពី​ទីក្រុង​ធំៗ​។​

​បញ្ហាប្រឈម​នៃ​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​

​អង្គការ​ UNICEF​ បាន​រក​ឃើញ​ថា​ ប្រជាជន​កម្ពុជាចំនួន​ ៦.៣​ លាន​នាក់​ ក្នុង​ចំណោម​ ១៤.៩​ លាន​នាក់​ មិន​ទាន់​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ​ទេ​។1​ នៅ​អំឡុង​ពេល​នៃ​ទិវា​ទឹក​ពិភពលោក​ឆ្នាំ​២០១៤​ អង្គការ​ UNICEF​ នៅ​កម្ពុជា​ បានជំរុញឱ្យ​​រដ្ឋាភិបាល​​ដោយផ្តោត​ជា​សំខាន់ពី​​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទី​ជនបទ​។​ អង្គការ​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ចម្បង​ដែល​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ មិនមាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ គឺ​បណ្តាល​មក​ពី​រដ្ឋាភិបាល​បាន​ដាក់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តំបន់​អភិវឌ្ឍន៍​ជា​អាទិភាព ​ច្រើន​ជាង​នៅ​ទី​ជនបទ​។2

​ការ​បំពុល​ដោយ​សារធាតុអាសេនិច​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ផឹករបស់​កម្ពុជា​ក្នុង​កំឡុង​ពេល​នៃ​ការសិក្សាវាយតម្លៃលើគុណភាព​ទឹក​ផឹក​នៅ​កម្ពុជា​ ដែលត្រូវបានធ្វើឡើងរួមគ្នាដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ នៅរវាង ឆ្នាំ​ ១៩៩៩​ និង​ ឆ្នាំ២០០០​។​3 ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​បាន​បង្កើត​ជា​ស្តង់ដាគុណភាព​ទឹក​ផឹក​ របស់កម្ពុជាមួយ​នៅ​ក្នុង​ឆ្នាំ​ ២០០៤​។4​ ជា​ឧទាហរណ៍​ ទឹក​ផឹក​មិន​គួរ​មាន​ផ្ទុក​សារធាតុ​អាសេនិច​លើស​ពី​ ០.០៥​ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​នោះទេ​។5

​សារធាតុ​អាសេនិច ​ជា​ធម្មតា​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ក្រោម​ដី​ និង​តំបន់​អាង​ទន្លេមេគង្គ​។​ ខេត្តកណ្តាល​ ព្រៃវែង​ កំពង់ចាម​ កំពង់ឆ្នាំង​ កំពង់ធំ​ និង​ក្រចេះ​ ជាបណ្តា​ខេត្ត​ដែល​ត្រូវបាន​រក​ឃើញ​ថា​មាន​កម្រិត​កំហាប់​អាសេនិច​ខ្ពស់​បំផុត​នៅ​កម្ពុជា​។​ ក្នុង​ចំណោម​ខេត្ត​ទាំងនេះ​ ខេត្តកណ្តាល​ គឺជា​ខេត្ត​ដែល​មានការ​បំពុល​អាសេនិច​ខ្ពស់​ជាងគេ​បង្អស់​។6​ នៅ​ឆ្នាំ​២០១៤​ កាសែត​​ ភ្នំពេញ​ប៉ុស្តិ៍​ បាន​រាយការណ៍​ថា​ ​​នៅ​ក្នុង​ខេត្តកណ្តាល ៣៥% នៃអណ្តូងយកទៅធ្វើសំណាកចំនួនជាង១៥,០០០  ​ត្រូវបានរកឃើញថាមាន​ផ្ទុក​សារធាតុ​អាសេនិចខ្ពស់ជាង​កម្រិត​ថ្នាក់​ជាតិ​ ០.០៥​ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ ហើយ​អណ្តូង​ប្រហែល​ ៥៤%​មាន​ផ្ទុកអាសេនិច​លើស​ពី​កម្រិតស្តង់ដា​របស់​អង្គការ​សុខភាពពិភពលោក​ ០.០១​ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​។7

​ទឹក​ ពិតជា​មានសារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​មនុស្ស​ និង​បរិស្ថាន​ឱ្យ​មាន​សុខភាព​ល្អ​ ទោះ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ក្តី​។​ ការ​បំពុល​ដោយ​អាសេនិច​ អាច​នឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ ប្រឈម​នឹង​គ្រោះថ្នាក់​ ប្រសិនបើ​គ្មាន​សកម្មភាព​ណាមួយ​ត្រូវ​បាន​អនុវត្ត​។​

​នៅ​ក្នុង​សេចក្តី​សង្ខេប​មួយ​របស់​អង្គការ​ UNICEF​ បាន​រក​ឃើញ​ថា​ ផល​ប៉ះពាល់​នៃ​សារធាតុ​អាសេនិច​ដែល​បាន​បង្ករឱ្យ​កើត​ជំងឺដង្កាត់​ផ្សេងៗ​ ត្រូវ​បាន​ចងក្រង​ទុក​ប្រមាណ​ជាង​ ៥០០​ឯកសារ​ ហើយ​មាន​ចំនួន​អ្នក​ស្លាប់​ និង​ពិការ​អ​វៈ​យវៈ​ជា​ច្រើន​ទៀត​។8

​ច្បាប់​ និង​បទ​ប្បញ្ញត្តិ

​អនុក្រឹត្យ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​ ត្រូវ​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៩​។​ នៅ​ក្នុង​អនុក្រឹត្យ​នេះ​ចែងថា​ ក្រសួងបរិស្ថាន​ មាន​តួនាទី​ និង​ទំ​នួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​ ត្រួតពិនិត្យ​ និង​រាយការណ៍​អំពី​សកម្មភាព​នានា​ដែល​អាច​បណ្តាល​ឱ្យ​មានការ​បំពុលជាយថាហេតុ​។​ ក្រុមហ៊ុន​ ឬ​អង្គភាព​នានា​ដែល​បញ្ចេញ​ ឬ​ដឹក​ជញ្ជូន​សំណល់រាវ​ទៅ​ទី​ដទៃ​ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពីក្រសួងបរិស្ថានជាមុនសិន​។9

​អនុក្រឹត្យ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​ បាន​ចែកប្រភេទ​​ប្រភព​បំពុល​ទឹកជា​ពីរ​​៖10

  • ប្រភេទ​ទី​១៖​ តម្រូវ​ឱ្យ​មាន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ ក្នុង​ករណី​ដែល​បរិមាណ​សំណល់​រាវ​របស់​ប្រភព​បំពុល​នោះ​មាន​ចំនួន​ច្រើន​ជាង​ ១០​មែ​ត្រ​គូប​ក្នុង​មួយ​ថ្ងៃ​។
  • ប្រភេទ​ទី​២៖​ ចាំបាច់​តម្រូវ​ឱ្យ​មានសុំការ​​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ មុន​ពេល​បញ្ចេញ​ចោល​ ឬ​ដឹក​សំណល់​រាវ​ទៅ​ទី​ដទៃ​។​

​ប្រភព​បំពុល​ច្រើន​ជាង​ ៦០​ប្រភេទ​ សម្រាប់​គម្រោងសាធារណៈ​ ឬ​ឯកជន​នានា​ ត្រូវ​បានដាក់បញ្ជូល​ទៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ​។​ នៅ​ក្នុង​នោះ​ក៏​មាន​រាប់​ប​ញ្ជូ​ល​ទាំង​គម្រោងសម្រាប់រោងចក្រ​កែច្នៃផលិតផល​អាហារ​ រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិឧស្សាហកម្ម​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ មន្ទី​រពេទ្យ​ និង​គ្លីនិក​ ឧស្សាហកម្ម​ធុន​ស្រាល​និង​ធ្ងន់​ ការ​ផលិតឈើនិង​ក្រដាស​ ការរុករក​រ៉ែ​ រោងចក្រផលិត​សារធាតុ​គីមី និងរោងចក្រ​ក្រណាត់​ និង​រោងចក្រ​ថាមពល។​11

​យ៉ាងនេះក្តី​ នាពេលថ្មីៗ​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ពីការ​លេចឡើង​នូវ​ករណី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ការ​បំពុល​ទឹក​ដែល​មិន​ទាន់​ត្រួតពិនិត្យ​បាន​ល្អ​។​

​ជា​ឧទាហរណ៍​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ កួយ​ ដែល​មក​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ នៅ​ក្នុង​ខេត្តស្ទឹងត្រែង ​បាន​រាយការណ៍​ថា​ រោង​អារឈើ​មួយ​កន្លែង​បាន​បំពុល​ផ្លូវទឹក​ក្នុង​មូលដ្ឋាន​របស់​គាត់​ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រភពទឹក​ និង​ដំណាំ​ ហើយបាន​បណ្តាល​ឱ្យ​មាន​ជំងឺសើរ​ស្បែក​នានាផងដែរ​។​ វិទ្យុ​អាស៊ី​សេរី​ បាន​បញ្ជាក់​ដែរ​ថា​ ទឹក​កខ្វក់​ត្រូវបាន​បង្ហូរចូល​ទៅ​ក្នុង​ស្ទឹង​បឹងបួរ​ដែល​ជា​ប្រភព​ទឹក​សម្រាប់​ប្រជាជន​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ រួម​មាន​ សម្រាប់​ងូត​ ទទួលទាន​ បោកគក់​ និង​សម្រាប់ធ្វើម្ហូប​អាហារ​ផង​ដែរ​។​12

​ប្រហាក់ប្រហែល​នឹង​គ្នា​នេះ​ដែរ​ កាល​ពី​ដើមឆ្នាំ​ ២០១៦​ រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ក្នុង​តំបន់​មួយ​នៃខេត្ត​ប៉ៃលិន​ ត្រូវ​បាន​គេ​ចោទ​ថា​ជា​ដើមហេតុ​ដែល​នាំ​ឱ្យ​មានការ​បំពុល​ទឹក​។​ កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​ បាន​រាយការណ៍​ថា​ សំណល់នានាដែលចេញ​មក​ពី​ការ​ដាំ​ដុះ​នេះ ​បាន​សម្លាប់សត្វ​ត្រី​ និង​បំពុល​ទឹក​ផឹក​ ហើយ​ក៏បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ​ជា ៣០០​គ្រួសារ​ នៅ​ក្នុង​ឃុំ​ ត្រែង​ ស្រុក​ រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ផងដែរ។13​ ជា​ដំណោះស្រាយ​ អា​ជី​កម្ម​នានា​បាន​ជីក​ត្រពាំង​ក្បែរ​ទីតាំង​ផលិតក​ម្ម​របស់​ខ្លួន​សម្រាប់​បង្ហូរ​សំណល់​ ហើយ​ប្រជាជន​ក្នុង​សហគមន៍​ត្រូវ​បាន​បង្ខំ​ចិត្តទិញ​ទឹកបរិសុទ្ធ​ ឬ​ជីក​អណ្តូង​ដើម្បី​ប្រើប្រាស់​។14​ យ៉ាងនេះក្តី រហូតមក​ដល់​ពេលនេះ​ ចំណាត់ការដែលដាក់ចុះមក ​មិន​ទាន់មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំពុលនេះ​បាន​នៅឡើយ​ទេ​។​

បច្ចុប្បន្នភាពចុងក្រោយ៖​ ២៩ កុម្ភៈ ២០១៦

ទាក់ទងនឹងការបំពុលទឹក

 

ឯកសារយោង

  • 1. អ៊ុក សៅបូរី. “ប្រហែលពាក់កណ្តាលនៃប្រជាជនកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់.” វិទ្យុអាស៊ីសេរី, ចុះផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤។ ចូលមើលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.rfa.org/english/news/cambodia/unicef-water-03212014154522.html
  • 2. ដូចឯកសារយោងខាងលើ។
  • 3. UNICEF. “អាសេនិចនៅកម្ពុជា”. ចូលមើលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.unicef.org/cambodia/As_Mitigation_in_Cambodia_2009.pdf
  • 4. ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល. “ស្តង់ដាគុណភាពទឹកផឹក.” ចូលមើលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ http://rdic.org/wp-content/uploads/2014/12/MIME-Drinking-Water-Quality-Standards-2004-en.pdf
  • 5. ដូចឯកសារយោងខាងលើ.
  • 6. ដូចឯកសារយោងខាងលើ។
  • 7. Barron, Laignee, និង David Sen. “ឃាតករសម្ងាត់ដែលសម្លាប់មនុស្សអស់ជាច្រើន.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ ចូលអានថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/silent-killer-taking-toll.
  • 8. ដូចឯកសារយោងខាងលើ។
  • 9. អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក. ឆ្នាំ១៩៩៩។ មាត្រា ១០។
  • 10. អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក. ឆ្នាំ១៩៩៩។ មាត្រា ១១។
  • 11. អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក. ឆ្នាំ១៩៩៩។ ឧបសម្ព័ន្ធទី៣។
  • 12. ម៉ែន សុធី. “អ្នកភូមិនៅក្នុងខេត្តស្ទឹងត្រែងប្រទេសកម្ពុជានិយាយថា ផ្លូវទឹកត្រូវបានធ្វើឱ្យកខ្វក់ដោយសាររោងអារឈើមួយក្នុងតំបន់.” វិទ្យុអាស៊ីសេរី, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.rfa.org/english/news/cambodia/contamination-09142015173926.html
  • 13. ម៉ន វណ្ណតី. “ចំណាត់ការទៅលើការបំពុលដោយអ្នកផលិតដំឡូងមីក្នុងខេត្តប៉ៃលិន នៅតែតិចតួច.” ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ ចូលមើលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/little-action-taken-pailin-cassava-producers-pollution
  • 14. ដូចឯកសារយោងខាងលើ។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9tSvD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!