យុទ្ធសាស្ត្រ​បំផ្លាញ​ព្រៃឈើ​ឲ្យ​អស់ពី​ ខេត្តព្រះវិហារ​ របស់​ក្រុមហ៊ុន​ ឧកញ៉ា​ ទ្រី​ ភាព​

ប្រភេទ​ឈើ​ធ្នង់ ដែល​មាន​មុខ​កាត់​បី​តឹក​បួន​ជ្រុង​បណ្តោយ​ប្រវែង ២ ម៉ែត្រ​បាន​តម្រៀប​គ្នា​ជា​គំនរ​នៅ​តាម​ផ្ទះ​នីមួយៗ​របស់​ប្រជាជន​នៅ​ក្នុង​ស្រុក​ចំនួន​បី​នៃ ខេត្ត​ព្រះវិហារ ដោយ​ដាក់​រង់ចាំ​ឈ្មួញ​មក​ប្រមូល​យក​នៅ​ពេល​ល្ងាច ខណៈ​ពេល​សំឡេង​សន្ធឹក​របស់​គោយន្ត​ដែល​ផ្ទុក​ទៅ​ដោយ​រណារ​រ៉ៃ​ថ្មីៗ បាន​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​នៅ​ពេល​ព្រឹក​ព្រលឹម​ដើម្បី​ទៅ​កាប់​និង​ប្រមូល​ឈើ​ដែល​បាន​ផ្តួល​រួច​ហើយ​នៅ​កណ្តាល​ព្រៃ​ដឹក​យក​មក​ដាក់​នៅ​ក្នុង​ភូមិ​ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឲ្យ​អស់​នៅ​ក្នុង ខេត្ត​ព្រះវិហារ។ នៅ​ក្នុង​គោយន្ត​ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៅ​ក្នុង ឃុំ​ធ្មា ស្រុក​ជ័យសែន លោក ថោង កុសល ជា​ឈ្មោះ​ដែល​អ្នក​សារព័ត៌មាន​ដាក់​ឲ្យ​ដែល​ជា​ពលរដ្ឋ​ម្នាក់​តែង​ចេញ​មុខ​ប្រឆាំង​ជាមួយ​នឹង​ឈ្មួញ​ឈើ​នៅ​ក្នុង​ឃុំ​របស់​លោក​បាន​ថ្លែង​ថា មាន​ថៅកែ​រង​របស់​ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព បាន​មក​ក្នុង​ភូមិ​ប្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​ដើរ​ទៅ​កាប់​ព្រៃ​ហើយ​គេ​មក​ទិញ​នៅ​ទី​នេះ​តាម​ផ្ទះ​នៅ​ពេល​ល្ងាច។ លោក​បាន​ថ្លែង​ថា៖ «ថៅកែ​គេ​ដើរ​រក​ទិញ​តាម​ផ្ទះ​ហើយ​គេ​បាញ់​ថ្នាំ​សម្គាល់ ខ្ញុំ​មិន​ដឹង​ថា មាន​ន័យ​ថា ម៉េច​ទេ វា​ជា​អក្សរ​បារាំង។ នៅ​ពេល​យប់​បន្ទាប់​ពី​ប្រមូល​ឈើ​អស់​ទើប​គេ​ដឹក​ចេញ​ពី​ភូមិ»។ … យោង​តាម​របាយការណ៍​រូបភាព​ផ្កាយ​រណប​ ដែល​ចេញ​កាលពី​ ខែធ្នូ​ ឆ្នាំ​២០១៣​ ផែនទី​ដែល​មាន​លក្ខណៈ​ចលនា​គេហទំព័រ​ Open​ Development​ Cambodia​ (ODC)​ បាន​បង្កើត​ពី​រូបភាព​ផ្កាយ​រណប​ ណា​ស្សា​ (NASA)​ បាន​បង្ហាញ​លម្អិត​អំពី​ការ​បំផ្លាញ​ខ្លាំងក្លា​ទៅ​លើ​ព្រៃឈើ​របស់​ ប្រទេស​កម្ពុជា​ ជា​ការ​បំផ្លាញ​ដែល​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈកាល​ ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​។​ គេហទំព័រ​ ODC​ បាន​ឲ្យ​ដឹង​ថា​ ការ​វិភាគ​រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា​ នៅ​ក្នុង​ ឆ្នាំ​១៩៧៣​ ប្រហែល​ ៧២,១១​ ភាគរយ​នៃ​ ប្រទេស​កម្ពុជា​ ត្រូវ​បាន​គ្របដណ្តប់​ដោយ​ព្រៃឈើ​។​ រូបភាព​ថ្មីៗ​បាន​បង្ហាញ​ថា​ គម្រប​ព្រៃឈើ​បច្ចុប្បន្ន​មាន​តិច​ទៅៗ​គឺ​ចំនួន​ ៤៦,៣៣​ ភាគរយ​ ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូ​ផង​។​ …

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/112996-2014-04-09-03-18-39