GMAC និយាយការពារកងកម្លំាងប្រដាប់អាវុធដែលសម្លាប់កម្មករ
កាលពីម្សិលមិញ សមាជិកជាន់ខ្ពស់ម្នាក់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានសម្ដែងការគាំទ្រចំពោះការប្រើអំពើហិង្សាបណ្ដាលឲ្យមានមនុស្សស្លាប់ពីសំណាក់កងរាជអាវុធហត្ថលើកម្មករកម្មការិនីធ្វើកូដកម្មដែលអំឡុងពេលនោះ មនុស្សប្រាំនាក់បានបាត់បង់ជីវិត ហើយជាង២០នាក់បានរបួសដោយសារគ្រាប់កាំភ្លើង។ … ខណៈអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានហៅការសម្លាប់មនុស្សនេះថា ជាករណីអាក្រក់បំផុតនៃការប្រើអំពើហិង្សាលើជនស៊ីវិលពីសំណាក់រដ្ឋាភិបាលក្នុងរយៈពេល១៥ឆ្នាំនោះ លោក កែន លូ អគ្គលេខាធិការសមាគម GMAC បានលើកឡើងកាលពីម្សិលមិញថា អាជ្ញាធរបានឆ្លើយតបចំពោះការតវ៉ាយ៉ាងសមស្រប។ លោកបាននិយាយថា “GMAC ថ្កោលទោសការប្រើអំពើហិង្សា។ ប៉ុន្តែខ្ញុំគិតថា នគរបាលត្រូវបំបែកក្រុមកុបករ ហើយណាមួយក្រុមកុបករមិនបានស្ដាប់ការព្រមានដោយផ្ទាល់មាត់ទេ”។ លោក កែន លូ បានលើកឡើងថា ការបាញ់លើក្រុមអ្នកតវ៉ាពីសំណាក់កងរាជអាវុធហត្ថគឺជារឿងត្រឹមត្រូវ។ លោកនិយាយថា “បាទ ប្រាកដណាស់។ ពួកគេ [ក្រុមអ្នកតវ៉ា] បានគប់ដុំថ្ម និងរបស់របរផ្សេងៗទៀតមុន តើចង់ឲ្យពួកគាត់ [កងរាជអាវុធហត្ថ] ឆ្លើយតបយ៉ាងម៉េចវិញ”។ មុនពេលមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់កាលពីថ្ងៃសុក្រ GMAC បានជំរុញឲ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងជាងមុន លើសហជីពចំនួនប្រាំមួយដែលគេដឹងថា សុទ្ធតែមានភាពឯករាជ្យ មិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលើសកម្មភាពធ្វើកូដកម្មរបស់សមាជិកសហជីពទាំងប្រាំមួយនាក់ដែលបានជាប់ពាក់ព័ន្ធរួចទៅហើយក្នុងការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរោងចក្រទ្រង់ទ្រាយតូច និងលើការគំរាមកម្មករកម្មការិនីដែលមិនចង់ធ្វើកូដកម្ម។ គិតត្រឹមថ្ងៃម្សិលមិញ សហជីពទាំងប្រាំមួយនៅមិនទាន់សម្រេចចិត្តថា តើនឹងបន្តការតវ៉ារបស់ខ្លួន ឬអត់ទេ។ អ្នកស្រី ឆេង ឡាង អនុប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា ហៅកាត់ថា NIFTUC មានប្រសាសន៍ថា “យើងអាចនឹងប្ដូរផែនការធ្វើការតវ៉ានៅថ្ងៃច័ន្ទ ព្រោះយើងមិនចង់ឲ្យមានកម្មករកម្មការិនីបាត់បង់ជីវិតដោយសារការធ្វើបាតុកម្មទៀតទេ”។ អ្នកស្រី ឡាង បានឲ្យដឹងថា សហជីពទាំងប្រាំបីមិនទាន់មានឱកាសព្រមព្រៀងគ្នាលើជំហររួមពាក់ព័ន្ធនឹងការធ្វើកូដកម្មបន្តទេ បន្ទាប់ពីមានការសម្លាប់កម្មករ និងការប្រើអំពើហិង្សាកាលពីថ្ងៃសុក្រនោះ។ អ្នកស្រីបានមានប្រសាសន៍ថា “ថ្នាក់ដឹកនាំសហជីពកំពុងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនបន្ទាប់ពីមេដឹកនាំសហជីពម្នាក់បានទទួលដីកាពីតុលាការ។ ឥឡូវនេះសហជីពផ្សេងៗទៀតកំពុងមានការភ័យខ្លាចពីការចាប់ខ្លួន។ គួររំឭកថា កាលពីថ្ងៃព្រហស្បតិ៍ សហជីពទាំងប្រាំមួយបានព្រមព្រៀងគ្នាបង្កើនការតវ៉ាទាមទារប្រាក់ខែអប្បបរមា១៦០ដុល្លារនៅទូទាំងប្រទេសលើកលែងតែរដ្ឋាភិបាលនិងរោងចក្រនានាព្រមបន្ដការចរចាអំពីរឿងប្រាក់ខែនេះឲ្យបានមុន ឬត្រឹមថ្ងៃសៅរ៍។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជានិងក្រសួងការងារមិនបានទាក់ទងគ្នាទេ ចាប់តាំងពីមានការបង្ហូរឈាមនៅថ្ងៃសុក្រមក។ …
អូន ភាព និង Zsombor Peter
http://www.cambodiadailykhmer.com/news/9098/