GMAC និយាយការ​ពារកងកម្លំាងប្រដាប់អាវុធ​ដែល​សម្លាប់​កម្មករ​

កាលពីម្សិលមិញ សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​​កាត់​ថា GMAC បាន​​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្រើ​​អំពើ​ហិង្សា​បណ្ដាល​​ឲ្យមាន​មនុស្ស​ស្លាប់​ពីសំណាក់​កង​រាជអាវុធ​ហត្ថ​លើ​កម្មករ​កម្មការិនី​ធ្វើកូដកម្ម​ដែល​អំឡុង​ពេល​នោះ មនុស្ស​ប្រាំនាក់​បា​ន​បាត់​បង់ជីវិត​ ហើយ​ជាង​២០​នាក់​បាន​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​​។ … ខណៈ​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​បាន​ហៅ​ការ​សម្លាប់​មនុស្ស​នេះ​ថា ជា​ករណី​​​អាក្រក់​បំផុត​នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​ពីសំណាក់​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​នោះ លោក កែន លូ អគ្គលេខាធិការ​សមាគម GMAC បាន​លើក​ឡើង​កាលពីម្សិល​មិញ​ថា អាជ្ញាធរ​បាន​ឆ្លើយ​តប​ចំពោះការ​តវ៉ា​យ៉ាង​ស​ម​ស្រប។ លោក​បាន​និយាយ​ថា “GMAC ថ្កោល​ទោស​ការ​ប្រើ​អំពើ​ហិង្សា​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នគរ​បាល​ត្រូវ​បំបែក​ក្រុម​កុបករ​ ហើយ​ណា​មួយ​ក្រុម​កុបករ​មិន​បាន​ស្ដាប់​ការ​ព្រមាន​ដោយ​ផ្ទាល់​មាត់​ទេ”។ លោក​ កែន លូ បាន​លើក​ឡើង​ថា ការ​​បាញ់​​​​លើ​ក្រុម​អ្នក​តវ៉ា​ពី​សំណាក់​កង​រាជ​អាវុធ​ហត្ថ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​និយាយ​ថា “បាទ​ ប្រាកដ​ណាស់​។ ពួក​គេ​ [ក្រុម​អ្នក​តវ៉ា​] បានគប់​ដុំថ្ម​ និង​របស់​របរ​ផ្សេង​ៗ​ទៀតមុន​​ តើ​ចង់​ឲ្យ​ពួកគាត់​ [កង​រាជ​អាវុធ​ហត្ថ​] ឆ្លើយ​តប​យ៉ាង​ម៉េច​វិញ​”។ មុន​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​​ឲ្យ​មាន​មនុស្ស​ស្លាប់​កាលពីថ្ងៃ​សុក្រ​ GMAC បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ចាត់​វិធានការ​តឹង​រ៉ឹង​ជាង​មុន​ លើ​សហជីព​ចំនួន​ប្រាំមួយ​ដែល​គេ​ដឹង​ថា សុទ្ធ​​​តែ​មាន​ភាព​ឯក​រាជ្យ​​ មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន និង​លើ​សកម្មភាព​ធ្វើកូដកម្ម​របស់​សមាជិក​សហ​​​ជីព​ទាំង​ប្រាំមួយនាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​រួច​​​ទៅហើយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខូ​ច​ខាត​ទ្រព្យ​សម្បត្តិ​រោងចក្រ​ទ្រង់ទ្រាយ​តូច​ និង​​​លើ​ការ​គំរាម​កម្ម​ករ​​​កម្មការិនី​​ដែល​មិន​ចង់​ធ្វើ​កូដកម្ម​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ សហជីព​ទាំង​ប្រាំ​មួយ​​​នៅ​មិន​ទាន់​​សម្រេច​ចិត្ត​ថា តើ​នឹង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ ឬអត់ទេ​។ អ្នកស្រី​ ឆេង ឡាង អនុ​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភ័​ណ្ឌ​កាត់​ដេរ​​កម្ពុជា​ ហៅ​កាត់​ថា NIFTUC ​មាន​ប្រសាសន៍​ថា “យើង​អាច​នឹង​ប្ដូរ​ផែនការ​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ ​ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​កម្មករ​កម្មការិនី​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ធ្វើ​បាតុ​កម្ម​ទៀត​ទេ”។ អ្នកស្រី​ ឡាង បាន​ឲ្យ​ដឹង​ថា សហជីព​ទាំង​ប្រាំបី​មិន​ទាន់​មាន​ឱកាស​ព្រម​ព្រៀង​គ្នា​លើ​ជំហរ​រួម​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​​បន្ត​ទេ បន្ទាប់ពីមាន​ការ​សម្លាប់​​កម្មករ​ និង​ការ​ប្រើ​អំពើ​ហិង្សា​កាលពីថ្ងៃ​សុក្រ​នោះ​។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ថ្នាក់​ដឹក​នាំ​សហជីព​កំពុង​ព្រួយ​បារម្ភ​​ពី​សុវត្ថិភាព​​របស់​​ខ្លួន​​បន្ទាប់ពី​មេដឹកនាំ​សហជីព​ម្នាក់​បាន​ទទួល​ដីកា​​​ពី​តុលាការ​។ ឥឡូវ​នេះ​​​សហជីព​ផ្សេង​ៗ​ទៀត​កំពុ​ង​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន​។ គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សហ​ជីព​​ទាំង​ប្រាំ​មួយ​បាន​ព្រម​ព្រៀង​គ្នា​​បង្កើន​​ការ​តវ៉ា​​​ទាម​ទារ​ប្រាក់​ខែ​អប្បបរមា​​១៦០​ដុល្លារ​​នៅ​ទូទាំង​ប្រទេស​លើក​លែង​តែ​រដ្ឋា​ភិបាល​​និង​រោងចក្រ​នានា​​ព្រម​បន្ដ​ការ​ចរចា​អំពី​រឿង​ប្រាក់​ខែ​នេះ​ឲ្យ​បាន​មុន​​ ឬ​ត្រឹម​ថ្ងៃ​សៅរ៍​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​និង​ក្រសួង​ការ​ងារ​មិន​បាន​ទាក់​ទង​គ្នា​ទេ ចាប់​តាំង​ពីមាន​ការ​បង្ហូរឈាម​​នៅ​ថ្ងៃ​សុក្រមក​។​ …  

អូន ភាព និង Zsombor Peter
http://www.cambodiadailykhmer.com/news/9098/