តម្លៃដីនៅក្នុងខណ្ឌ ដង្កោ មានកំណើនតិចតួចនៅដើមឆ្នាំនេះ
ដោយសារមានកំណើននៃការអភិវឌ្ឍរោងចក្រឃ្លាំងនិងលំនៅឋានកាន់តែច្រើននៅតំបន់ជាយក្រុងបានធ្វើឲ្យតម្លៃដីធ្លីនៅក្នុងខណ្ឌ ដង្កោ មានកំណើនចន្លោះពី ១០ ទៅ ១៥ ភាគរយកាលពីឆ្នាំមុន ហើយរំពឹងថា នឹងមានកំណើនដូចគ្នានេះក្នុងឆ្នាំនេះ។ នាយកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ អេស៊ា រៀល អេស្ទេត លោក ប៉ូ អ៊ាវគង់ បានមានប្រសាសន៍ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារស្ថានភាពមានការវិវត្តក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអ្នកវិនិយោគ សាងសង់រោងចក្រឃ្លាំង និងបុរីមួយចំនួននៅតំបន់នេះប៉ុន្តែវាមិនបានជួយឲ្យតំបន់នេះមានភាពពេញនិយមទេ បើប្រៀបធៀបជាមួយតំបន់ ជ្រោយចង្វារ និងតំបន់ ភ្នំពេញថ្មី ព្រោះវាជាតំបន់នៅប៉ែកខាងត្បូង និងខាងលិចរាជធានីដែលជាតំបន់មានប្រព័ន្ធប្រទ្បាយរំដោះទឹក ចេញពីរាជធានីភ្នំពេញច្រើន។ លោកបានបន្តថា៖ «ការមានគម្រោងពង្រីកផ្លូវ ២១៧ និងមានប្រព័ន្ធក្រុងរណបរបស់ក្រុមហ៊ុន AZ នៅតំបន់នេះបានធ្វើឲ្យតំបន់នេះមានភាពទាក់ទាញជាងមុនដោយតម្លៃដីធ្លីមានកំណើនក្នុងរង្វង់ពី ១០ ទៅ ១៥ ភាគរយ»។ លោកបន្តថា៖ «តំបន់នេះក៏ជាតំបន់មានការកកស្ទះចរាចរណ៍ជាខ្លាំងដែលជាហេតុធ្វើឲ្យមនុស្សមិនសូវពេញនិយមទៅរស់នៅតំបន់នេះនោះទេ បើមានគឺសម្រាប់ប្រជាជនមានជីវភាពមធ្យមប៉ុណ្ណោះ»។ លោក ប៉ូ អ៊ាវគង់ បានឲ្យដឹងថា តម្លៃដីតូចៗឬដី ធ្វើផ្ទះល្វែងនៅតាមផ្លូវល្អៗ នៅតំបន់នេះមានតម្លៃចន្លោះពី ៦០០ ទៅ ១០០០ ដុល្លារក្នុងមួយម្រ៉ែតការ៉េ តែដីកន្លះហិកតាចុះក្រោមមានតម្លៃចន្លោះពី ២០០ ទៅ ៣០០ ដុល្លារមួយម៉ែត្រការ៉េ និងដីនៅខាងក្នុងៗជាតំបន់លំនៅឋានមានតម្លៃចន្លោះពី ១០០ ទៅ ២០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ …
ស៊ីវ ម៉េង
http://www.postkhmer.com/post-property/property-price/110869-2014-02-19-06-36-11