កសិករចង់មានសមាគមទុរេនឲ្យបានឆាប់
លោក អ៊ឹង អ៊ុយឃាម ម្ចាស់ចម្ការទុរេនតជំនាន់ក្នុងខេត្ត កំពត និយាយក្នុងទឹកមុខប្រកបដោយមោទភាពថា «ទុរេនគឺជាស្តេចនៃផ្លែឈើ»។ ដើរបណ្តើរនិយាយបណ្តើរលោកបន្ថែមថា «នរណាក៏ស្គាល់ទុរេន កំពត ដែរ។ រសជាតិឆ្ងាញ់លើសគេ»។ លោក អ៊ឹង អ៊ុយឃាម ចាប់ផ្តើមដាំដុះដំណាំទុរេនលើដីចម្ការកន្លះហិកតា ក្នុងស្រុក ទឹកឈូ ជាកេរមរតកដែលផ្តល់ដោយឪពុកម្តាយរបស់លោកតាំងពីឆ្នាំ ១៩៨៩។ លោកទើបតែពង្រីកផ្ទៃដីដាំដុះរហូតដល់មួយហិកតា ដោយរំពឹងថា នឹងអាចប្រមូលផលទុរេនពេញលេញនៅក្នុង ៥ឆ្នាំខាងមុខ។ សព្វថ្ងៃលោកមានទុរេនចំនួន ១៣០ ដើម ហើយទទួលបានប្រាក់ចំណូលពី ៤ ០០០ ទៅ ៥ ០០០ ដុល្លារក្នុងមួយរដូវប្រមូលផលដែលចាប់ផ្តើមពីខែ ឧសភា ដល់ខែ កក្កដា។ … ដោយសារកេរ្តិ៍ឈ្មោះនៃរសជាតិ និងគុណភាពល្បីល្បាញជាយូរណាស់មកហើយទុរេន កំពត កំពុងត្រូវបានក្រសួង ពាណិជ្ជកម្ម គ្រោងនឹងដាក់បញ្ចូលទុរេនទៅក្នុងផលិតផល សម្គាល់ទីតាំងភូមិសាស្ត្រ (G.I) បន្ទាប់ពីផលិតផលស្ករត្នោត កំពង់ស្ពឺ និងម្រេច កំពត ជាផលិតផល កម្ពុជា ដំបូងគេដែលទទួលបានការទទួលស្គាល់ដោយអង្គការពាណិជ្ជកម្មពិភពលោកជាទំនិញសម្គាល់ភូមិសាស្ត្រកាលពីឆ្នាំ ២០១០។ ម្រេច កំពត និងស្ករត្នោត កំពង់ស្ពឺ កំពុងតែត្រូវបាននាំចេញទៅកាន់ប្រទេសនៃសហភាពអឺរ៉ុប អាមេរិក កូរ៉េ ចិន ជប៉ុន បារាំង និង អង់គ្លេស ជាដើម ក្នុងតម្លៃខ្ពស់មួយ។ កាលពីថ្ងៃអង្គារក្រសួង ពាណិជ្ជកម្ម បានចេញផ្សាយបញ្ជីឈ្មោះផលិតផលសក្តានុពលចំនួន ២២ មុខក្នុងផែនការដាក់បញ្ចូលជាផលិតផលសម្គាល់ភូមិសាស្ត្រនៅលើទំព័រ ហ្វេសប៊ុក ជាផ្លូវការរបស់ខ្លួន។ អ្នកនាំពាក្យប្រចាំក្រសួង ពាណិជ្ជកម្ម លោក កែន រដ្ឋា បានឲ្យដឹងថា៖ «មានផលិតផលជាច្រើនដែលត្រូវបានចាត់ទុកថា មានសក្តានុពល។ ទុរេនត្រូវបានជ្រើសរើសបញ្ជូលជាផលិតផលសម្គាល់ភូមិសាស្ត្របន្ទាប់ពីស្ករត្នោត កំពង់ស្ពឺ និងម្រេច កំពត ព្រោះ ឈ្មោះទុរេន កំពត កំពុងត្រូវបានគេក្លែងបន្លំនៅគ្រប់ទីកន្លែងនៃប្រទេស កម្ពុជា មិនមែនមានតែនៅទីក្រុង ភ្នំពេញ នោះទេ តែក៏កើតមានក្នុងខេត្ត កំពត ផងដែរ»។ …
ចាន់ មុយហុង និង Daniel de Carteret
http://www.postkhmer.com/business/business/111277-2014-02-28-03-58-11