អ្នកបញ្ជាទិញផលិតផលពីកម្ពុជាខកចិត្តហើយសុំឱ្យរដ្ឋាភិបាលឈប់ប្រើហិង្សាលើកម្មករ
ក្រុមហ៊ុនធំៗចំនួន៧ដែលបញ្ជាទិញសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជាបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការបាញ់បង្ក្រាបទៅលើបាតុករជាកម្មកររោងចក្រកាលពីសប្តាហ៍មុន។ ការបង្ក្រាបនោះនាំឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ ក្រុមហ៊ុនទាំងនោះរួមមាន H&M Gap Adidas Puma Inditex Columbiaនិង ក្រុមហ៊ុន Levis ដែលក្តោបក្តាប់ការបញ្ជាទិញសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជាប្រហែល៧០ភាគរយពីរោងចក្រនានា។ ក្នុងសេចក្តីថ្លែងការណ៍រួមជាចំហទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា (GMAC) និងសហជីព កាលពីថ្ងៃទី៧ខែមករាក្រុមហ៊ុនបញ្ជាទិញបានគូសបញ្ជាក់ថាពួកគេមានការបារម្ភយ៉ាងជ្រាលជ្រៅចំពោះព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលកើតឡើងនៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៤ ដែលមានទំនាក់ទំនងហ្នឹងការបន្តធ្វើកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ខែអប្បបរមា។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីមានការបាញ់បង្ក្រាបដោយកងកម្លាំងមានសមត្ថកិច្ចទៅបាតុករជាកម្មកររោងចក្រកាលពីសប្តាហ៍មុនដើម្បីទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែនិងដែលនាំឱ្យមនុស្ស៥នាក់បានស្លាប់ របួសនិងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត។ …