អង្គការ​៖ ​សកម្មភាព​ចុះ​ស៊ើបអង្កេត​របស់​ក្រុមហ៊ុន​ ​កូកាកូឡា​ ​រង​ការ​រំខាន​ពី​សំណាក់​ក្រុម​នគរបាល​

​អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ​ក្រុម​អ្នកត្រួតពិនិត្យ​មក​ពី​ក្រុមហ៊ុន​ ​កូកាកូឡា​ (Coca-Cola) ​បាន​ចុះ​ទៅ​ខេត្តឧត្តរមានជ័យ​កាលពី​ថ្ងៃ​សុក្រ​ ​ដើម្បី​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​ថា​ ​មានការ​ទន្ទ្រាន​យក​ដីធ្លី​ ​ពី​សំណាក់​ក្រុមហ៊ុន​ចម្ការ​អំពៅ​ ​ដែល​ផ្គត់ផ្គង់​ទំនិញ​ ​ឲ្យ​ក្រុម​ភេសជ្ជ​ដ៏​ធំ​លំដាប់​សាកលលោក​មួយ​នេះ​ ​ក៏​ប៉ុន្តែ​ ​ក្រុម​សវន​ករ​បាន​លុប​ចោល​កិច្ចប្រជុំ​ជាមួយ​សហគមន៍​ ​ដោយសារ​តែ​នគរបាល​បាន​បង្ហាញ​វត្តមាន​យ៉ាងច្រើន​។​ ​លោក​ ​ជន​ ​បូ​រ៉ា​ ​ដែល​ធ្វើការ​នៅ​សមាគម​អភិវឌ្ឍន៍​កុមារ​ (Children’s Development Ass-ociation) ​បាន​ឲ្យ​ដឹង​ថា​ ​លោក​បាន​ជួប​ពិភាក្សា​ ​ជាមួយ​តំណាង​ក្រុមហ៊ុន​កូកាកូឡា​ ​ដែល​បាន​ចុះ​មក​ស៊ើបអង្កេត​ទាំងនេះ​ ​នៅ​ការិយាល័យ​អង្គការ​របស់​លោក​ ​នៅ​ក្នុង​ក្រុង​សំរោង​ ​កាលពី​ថ្ងៃ​សុក្រ​ ​ដើម្បី​បង្ហាញ​ពួក​គេ​ដោយ​សង្ខេប​អំពី​ករណី​ចោទប្រកាន់​ថា​ ​ក្រុមហ៊ុន​ចម្ការ​អំពៅ​ដែល​មាន​ចំនួន​បី​ ​បាន​ធ្វើ​សកម្មភាព​ទន្ទ្រាន​យក​ដី​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ជា​ច្រើន​រយ​គ្រួសារ​។​ … ​នៅ​ពេល​ក្រុម​អ្នកត្រួតពិនិត្យ​ទាំងនេះ​ព្យាយាម​ជួប​ប្រជាជន​រង​គ្រោះ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ​នៅ​ឃុំ​កូន​គ្រៀល​ ​ពួក​គេ​ត្រូវ​បាន​អមដំណើរ​ដោយ​នគរបាល​មូលដ្ឋាន​ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ ​ប្រហែល​៣០​នាក់​ ​ហើយ​ទីបំផុត​ ​ពួក​គេ​ក៏​បាន​រំសាយ​កិច្ចប្រជុំ​នេះ​ ​នេះ​បើ​យោង​តាម​លោក​ ​បូ​រ៉ា​។​ ​លោក​ ​បូ​រ៉ា​ ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​ពួក​យើង​ថា​ ​ពួក​គេ​មាន​ផែនការ​ជួប​និយាយ​ជាមួយ​ប្រជាជន​រង​ផល​ប៉ះពាល់​ ​ដើម្បី​សួរ​ពួក​គាត់​អំពី​អង្គហេតុ​ពិត​ ​ក៏​ប៉ុន្តែ​ ​ពួក​គេ​បាន​លុប​ចោល​កិច្ចប្រជុំ​នេះ​ ​និង​បាន​ត្រឡប់​មក​រាជធានី​ភ្ន្ំ​ពេញ​វិញ​ ​កាលពី​ថ្ងៃ​សៅរ៍​ ​ដោយសារ​តែ​អាជ្ញាធរ​ ​និង​នគរបាល​បាន​ដើរ​តាម​ពីក្រោយ​ពួក​គេ​”​។​ …​

អូន ភាព
http://www.cambodiadailykhmer.com/news/11288/