លោក បារ៉ាក់ អូបាម៉ា ចុះហត្ថលេខាលើសេចក្តីព្រាងថវិកាដែលផ្អាកការផ្តល់មូលនិធិដល់រដ្ឋាភិបាល
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានចុះហត្ថលេខាលើសេចក្តីព្រាងថវិកា ចំណាយមួយ ដែលមាន ខចែងអំពីការផ្អាកការផ្តល់មូលនិធិខ្លះដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែមានអនុវត្តប្រតិបត្តិការស៊ើបអង្កេតឯករាជ្យទៅលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន ឬក៏រហូតទាល់តែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសភា។
សេចក្តីព្រាងថវិកានេះមានគោលដៅតែផ្នែកតូចមួយ ពោលគឺមានតែថវិកា៨០លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ សម្រាប់ផ្តល់ឲ្យប្រទេសកម្ពុជា តាមរយៈរដ្ឋាភិបាលដោយផ្ទាល់។ ទោះបីជាយ៉ាងណា មូលនិធិផ្សេងៗទៀតគឺជាមូលនិធិជំនួយមនុស្សធម៌ និងមូលនិធិសម្រាប់ការបណ្តុះបណ្តាលអំពីសិទ្ធិមនុស្សដល់កងយោធពលខេមរភូមិន្ទ។ …
លោក ស៊ាន ម៉ាឃីនតុស (Sean Mclntosh) អ្នកនាំពាក្យស្ថានទូតអាមេរិក មិនបញ្ជាក់ថាតើសេចក្តីព្រាងថវិកានេះនឹងកាត់ផ្តាច់មូលនិធិជំនួយចំនួនប៉ុន្មានទេ។លោកបានលើកឡើងនៅក្នុងអ៊ីមែលថា “យើងនៅតែគាំទ្រឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពមួយទៅលើភាពមិនប្រក្រតីដែលត្រូវបានរាយការណ៍ អំឡុងការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣និងការអនុវត្តកម្មវិធីកំណែទម្រង់ ដើម្បីធានាថា ការបោះឆ្នោតដែលកំពុងបោះជំហានទៅមុខពិតគួរទុកចិត្តបានមែន”។ …
លោក ឯក ថា អ្នកនាំពាក្យរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតយ៉ាងត្រឹមត្រូវនិងបានអំពាវនាវឲ្យពិចារណាក្នុងការកាត់ជំនួយ។ លោកបានមានប្រសាសន៍ថា “ យើងកំពុងអំពាវនាវដល់អ្នកផ្តល់ជំនួយនានា ប្រទេស ជាមិត្តជិតឆ្ងាយ កុំឲ្យកាត់បន្ថយ ឬផ្តាច់ជំនួយដល់កម្ពុជា ពីព្រោះក្នុងនាមប្រជាជនកម្ពុជា យើងត្រូវការជំនួយគាំទ្រ ក្នុងការអភិវឌ្ឍប្រទេស”៕
Alex Willemyns
http://www.cambodiadailykhmer.com/news/9561/